កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកលើកដំបូងរបស់ខ្លួន ខណៈកោះនេះពង្រឹងការការពារប្រឆាំងការវាយប្រហាររបស់ប្រទេសចិន។ មេដឹកនាំលោកស្រី Tsai Ing-wen បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញនាវាមុជទឹកថ្មី នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងកំពង់ផែ Kaohsiung ។

មន្ត្រីសហរដ្ឋអាមេរិក បានព្រមានថា ប្រទេសចិន អាចប្រើសមត្ថភាពផ្នែកយោធា ក្នុងការបង្កើនការឈ្លានពានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
កោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រង ដែលប្រទេសចិនចាត់ទុកថា ជាខេត្តរបស់ខ្លួន ហើយបានប្តេជ្ញាទាមទារសិទ្ធិក្រសោបយកមកវិញនៅថ្ងៃណាមួយ។
អ្នកសង្កេតការណ៍ភាគច្រើន ជឿថា ប្រទេសចិននឹងមិនវាយប្រហារទៅលើកោះនេះភ្លាមៗនោះទេ ហើយទីក្រុងប៉េកាំងបាននិយាយថា ខ្លួនស្វែងរក ការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រទេសចិនបាន ព្រមានកោះតៃវ៉ាន់ចំពោះការប្រកាសឯករាជ្យជាផ្លូវការ និងមានការគាំទ្រពីបរទេសណាមួយ។ ប្រទេសនេះបានព្យាយាមកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើកោះនេះ ដោយមានសមយុទ្ធយោធារបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធជាច្រើននៅក្នុងខែនេះ។
លោកស្រី Tsai បាននិយាយខណៈលោកស្រីឈរនៅពីមុខនាវាមុជទឹកដែលមានរូបទង់ជាតិកោះតៃវ៉ាន់ថា «ប្រវត្តិសាស្ត្រនឹងចងចាំជារៀងរហូតនៅថ្ងៃនេះ»។ លោកស្រីនិយាយបន្ថែមថា គំនិតនៃនាវាមុជទឹកផលិតក្នុងស្រុកកាលពីពេលមុនត្រូវបានគេចាត់ទុកថា «ជាកិច្ចការមិនអាចទៅរួច ប៉ុន្តែយើងបានធ្វើវា»។
យោងតាមមន្ត្រីយោធាបានឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតតម្លៃ ១,៥៤ពាន់លានដុល្លារ នឹងដំណើរការសាកល្បងជាច្រើនលើក ហើយនឹងត្រូវបញ្ជូនទៅឱ្យកងទ័ពជើងទឹកនៅចុងឆ្នាំ ២០២៤ ។
