ក្លិបបាល់ទាត់អ៊ីតាលី AC Milan បានប្រកាសគម្រោងសាងសង់កីឡដ្ឋានថ្មីនៅភាគខាងត្បូងទីក្រុង Milan និងចាកចេញពីកីឡដ្ឋានចាស់ San Siro របស់ខ្លួន។
ក្លិបបានដាក់លិខិតស្នាមទៅកាន់សាលាក្រុងហើយ នូវគម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួនដែលអាចផ្ទុកទស្សនិកជនបាន ៧០០០០ នាក់ នៅតំបន់ក្រុងរណប San Donato។
កីឡដ្ឋានប្រវត្តិសាស្រ្ត San Siro គឺជាទឹកដីរបស់ AC Milan តាំងពីឆ្នាំ ១៩២៦ តែក្រោយមកក៏ត្រូវបានសាងសង់ កែលម្អរ តាំងពី World Cup ១៩៩០។

San Siro គឺជាផ្ទះរបស់ក្លិបអ៊ីតាលីធំពីរ AC Milan និង Inter Milan ហើយកន្លងមកក្លិបទាំងពីរក៏ធ្លាប់ចរចាជាមួយគ្នាក្នុងការបន្តកែលំអរបន្ថែមផងដែរ តែមិនត្រូវរ៉ូវគ្នា។
គម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ AC Milan នេះ រួមមានការសាងសង់ជាទីស្នាក់ការកណ្តាលរបស់ក្លិប សណ្ឋាគារ ហាងលក់សម្លៀកបំពាក់ និងសារមន្ទីរជាដើម។
ជាមួយគ្នានោះដែរ សារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា Inter Milan ក៏មានគម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួនផងដែរនៅតំបន់ Assago ក៏ស្ថិតនៅភាគខាងត្បូងទីក្រុង Milan ផងដែរ៕ អត្ថបទ៖នាង សុភាវុធ


