ភ្នំពេញ ៖ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ២៣៣ ០៣១តោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ ថយចុះ ៣៤,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ប្រទេសចិន ជាទីផ្សារធំជាងគេសម្រាប់ការនាំចេញអង្ករពីកម្ពុជា ដោយរួមចំណែកប្រមាណ៥១ភាគរយនៃបរិមាណអង្ករនាំចេញសរុប។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុប ចំនួន២០ប្រទេស មានបរិមាណសរុប ចំនួន ៥៥ ១៨៨តោន សើ្មនឹង ២៣,៦៦ ភាគរយនៃបរិមាណនាំចេញសរុប ទៅប្រទេសចិនមានបរិមាណសរុបចំនួន ១២០ ៨៣៤តោន ស្មើនឹង៥១,៨៦ភាគរយ ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន ស្មើនឹង៩,៣៨ភាគរយ និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប ៣៥ ១៦១តោន ស្មើនឹង១៥,១ភាគរយ។
ឯកឧត្តម បន្ថែមថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមាន ចំនួន ៥៤ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗ ចំនួន១០ មានរហូតដល់ ១៦៨ ៥១១តោន (៧២,៣១%) និងក្រុមហ៊ុន៤៤ដទៃទៀតបាននាំចេញត្រឹមតែ ៦៤ ៥២០តោន (២៧,៦៩%)។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រីកសិកម្ម ក៏បានលើកឡើងថា ការនាំចេញស្រូវមានចំនួន ១,៦លានតោន ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម មានការកើនឡើងចំនួន៨២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ។
សម្រាប់នាំអង្ករទៅកាន់ទីផ្សារប្រទេសចិន ក្រសួងពាណិជ្ជកម្ម គ្រោងបើកការចរចាជាមួយភាគីចិន លើកូតានាំចេញអង្ករថ្មី ប្រមាណ៥០ម៉ឺនតោន បន្ទាប់ពីកូតានាំចេញអង្ករបច្ចុប្បន្ន មាន៤០ម៉ឺនតោន។
ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤,១ លានតោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើង ចំនួន១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន៕
អត្ថបទ៖ វណ្ណៈ
