រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី Marina Silva បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល កំពុងរៀបចំក្រុមការងារមួយ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជននៅក្នុងតំបន់ព្រៃអាម៉ាហ្សូន ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយបានជះឥទ្ធិពលដល់ទន្លេ ដែលជាជំនួយជីវិតរបស់ពួកគេ។

កម្រិតទឹកទន្លេទាប និងស៊ីតុណ្ហភាពទឹកកាន់តែក្តៅ បានសម្លាប់ហ្វូងត្រីរាប់រយក្បាលអោយអណ្តែតលើផ្ទៃទន្លេ ដោយបំពុលទឹកផឹកសម្រាប់ប្រជាជន។ លោកស្រី Silva បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតក្នុងកំណត់ត្រានេះ បានរំខានដល់ផ្លូវដឹកជញ្ជូនតាមដងទន្លេ ដែលគំរាមកំហែងដល់ការខ្វះខាតស្បៀងអាហារ និងទឹក ហើយបានសម្លាប់ត្រីមួយចំនួនធំនៅក្នុងទន្លេផងដែរ។
លោកស្រីបានបន្ថែមថា មនុស្សប្រហែល១១១.០០០នាក់ បានរងផលប៉ះពាល់នៅក្នុងតំបន់ដែលប្រភពចំណូលរបស់ប្រជាជនភាគច្រើនបានមកពីការនេសាទ ហើយសកម្មភាពនេសាទនឹងត្រូវផ្អាកមួយរយៈផងដែរ។
ទីភ្នាក់ងារការពារជនស៊ីវិលបានព្រមានថា គ្រោះរាំងស្ងួតអាចប៉ះពាល់ដល់មនុស្សរហូតដល់ ៥០០.០០០នាក់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ គ្រោះរាំងស្ងួតនេះ ក៏ដូចជាទឹកជំនន់នៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល បណ្តាលមកពីបាតុភូតអាកាសធាតុអ៊ែល នីញ៉ូ ដែលធ្វើឲ្យកម្ដៅទឹកលើផ្ទៃក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកើនឡើង៕
