
ក្រុមគ្រួសារ ដែលមានសាច់ញាតិបញ្ចុះសពក្នុងទីក្រុង El Alto នៃប្រទេសបូលីវី បានជីកយកសាកសពសាច់ញាតិរបស់ពួកគេយ៉ាងរន្ធត់ពីក្នុងទីបញ្ចុះសពនៅស្រុកមួយ បន្ទាប់ពីផ្នូរជាច្រើនត្រូវបានកម្ទេចចោល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អ្នកក្រុង El Alto បានទទួលដំណឹងកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ថា ទីបញ្ចុះសព Mercedario នៃផ្នែកកុមារ ត្រូវបានបំផ្លាញរយៈពេលពីរបីថ្ងៃមុន ដោយគ្រឿងចក្រឈូសឆាយជាច្រើនគ្រឿង។
ទោះបីជាអ្នកស្រុកបន្ទោសរដ្ឋាភិបាលចំពោះការបំផ្លិចបំផ្លាញនោះក៏ដោយ ក៏ក្រុមអាជ្ញាធរបាននិយាយថា ពួកគេមិនបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ទាំងនោះទៅកម្ទេចទីនោះទេ។
សមាជិកគ្រួសារដែលពោពេញដោយភាពអស់សង្ឃឹម បានទៅទីបញ្ចុះសពដើម្បីស្វែងរកអដ្ឋិធាតុរបស់សាច់ញាតិរបស់ពួកគេនៅក្រោមគំនរបាក់បែក។ អ្នកខ្លះទៀតបានយកសាកសពចេញពីផ្នូរដើម្បីផ្លាស់ប្តូរទីតាំងកប់ ដោយខ្លាចមានការបំផ្លិចបំផ្លាញបន្ថែមទៀតនៅក្នុងទីបញ្ចុះសពនោះផងដែរ៕