ភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្ស ឲ្យចូលសិក្សាលើជំនាញចំនួន៥ ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្នុងសេចក្តីជូនដំណឹង របស់សាលាមធ្យមវិចិត្រសិល្បៈ បានឱ្យដឹងថា ជំនាញសិល្បៈទាំង៥នោះ រួមមាន ទី១. ជំនាញសាលាតូរ្យតន្ត្រី, ទី២. ជំនាញរបាំ, ទី៣. ជំនាញល្ខោន, ទី៤. ជំនាញ សៀក និងទី៥. ជំនាញសិល្បៈសូនរូប ។
សម្រាប់ជំនាញសាលាតូរ្យតន្តី-ចម្រៀង ក្នុងនោះមានអាយ៉ៃ ចម្រៀងជាពួក និងចម្រៀងបុរាណ, ឧបករណ៍តន្ត្រីសម័យ មានវីយូឡុង វីយូឡា ព្យាណូ សែលឡូ កុងត្រីបាស់ ត្រុំប៉ែត ហ្គូត សាក់សូ និងក្លារីណែត, ឧបករណ៍តន្ត្រីបុរាណ រួមមានចាប៉ីដងវែង ស្រឡៃ ទ្រអ៊ូ ទ្រសោ ឃឹម គងតូចគងធំ តាខេ រនាតឯក និងរនាតធុង ។
ចំណែកជំនាញសាលារបាំ-ឯកទេស មានរបាំបុរាណរបាំប្រពៃណី និងល្ខោនខោល ។ រីឯជំនាញសាលាល្ខោន-ឯកទេស មានល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយ ។ ដោយឡែក ជំនាញសាលាសៀក-ឯកទេស មានកាបលោតលើកម្រាល ទន់ភ្លន់ទោង លំនឹង ត្រេះ បច្ចេកទេសលើលំហ និងបាល្លេ... ។ ចំពោះជំនាញសាលាសិល្បៈសូនរូប-ឯកទេសគំនូរ មាន គំនូរបុរាណគំនូរលម្អលើក្រណាត់ គំនូរផ្សាយ និងគំនូរវិចិត្រកម្ម, ហើយឯកទេសចម្លាក់ មានចម្លាក់ពុម្ព ចម្លាក់ប្រាក់ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ និងកុលាលភាជន៍ ។
ប្រភពបានបន្ថែមថា សម្រាប់លក្ខខណ្ឌជ្រើសរើសសិស្ស ដែលមានចំណាប់អារម្មណ៍ប្រឡងចូលរៀន រួមមានទី១. ឯកទេស របាំបុរាណខោល សៀក ចម្រៀងបុរាណតន្ត្រីបុរាណ (ឧបករណ៍ខ្សែ៖ ទ្រអ៊ូទ្រសោ, ឃឹម គងតូច, គងធំ, តាខេ, រនាតឯក និងរនាតធុង) និងតន្ត្រីសម័យ (ឧបករណ៍ខ្សែ៖ វីយូឡុង និងវីយូឡា) និងព្យាណូ គឺសិស្សបានរៀនចប់ថ្នាក់ទី៣ ឬទី៤ នៅសាលាចំណេះទូទៅ, ទី២. ឯកទេសរបាំប្រពៃណី ល្ខោនយីកេ ល្ខោនបាសាក់ សៀក តន្ត្រីបុរាណ (ឧបករណ៍ផ្លុំ៖ ស្រឡៃ) តន្ត្រីសម័យ (ឧបករណ៍ផ្លុំ៖ ត្រុំប៉ែត, ស្លុត, សាក់សូ និងក្លាវឺណែត) (ឧបករណ៍ខ្សែ៖ សែលឡូ និងកុងត្រីបាស់) គឺសិស្សដែលបានរៀនចប់ថ្នាក់ទី៥ ឬទី៦ នៅសាលាចំណេះទូទៅ និងទី៣. ឯកទេសចម្រៀងអាយ៉ៃ ចម្រៀងជាពួក ចាប៉ីដងវែង ល្ខោននិយាយ និងសិល្បៈសូនរូប គឺសិស្សបានរៀនចប់ថ្នាក់ទី៧ នៅសាលាចំណេះទូទៅ ។
ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈ ដែលមាន អាសយដ្ឋាន នៅវិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៦៣៩ ៨៩៣ (រឺតេឡេក្រាម) ០៩៦ ៥៦៨ ៣៤៥២ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ







