
ជនអន្តោប្រវេសន៍ បានរង់ចាំវេនរបស់ពួកគេដើម្បីផ្ទេរចេញពីទីក្រុងភាគខាងត្បូង Tapachula របស់ម៉ិកស៊ិក ទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេស ដោយសង្ឃឹមថានឹងបន្តនិតិវិធីស្របច្បាប់ឆ្លងកាត់ចូលទៅកាន់សហរដ្ឋអាមេរិក ។
រថយន្តក្រុងជាច្រើនគ្រឿង ត្រូវបានផ្តល់ជូនដោយរដ្ឋាភិបាលម៉ិកស៊ិក ដើម្បីសម្របសម្រួលការផ្ទេរមនុស្សចេញពីតំបន់ព្រំដែនភាគខាងត្បូង ទៅកាន់ទីតាំងផ្សេងទៀត ជាទីដែលពួកគេអាចចាប់ផ្តើមដាក់ពាក្យសុំសិទ្ធិជ្រកកោន ទៅកាន់សហរដ្ឋអាមេរិក ។
ចំណាត់ការនេះ គឺដើម្បីកាត់បន្ថយចំនួនមនុស្សនៅទីក្រុង Tapachula ក្រោយជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានជួបជុំគ្នានៅតាមការិយាល័យគណកម្មការមីស៊ិកទទួលបន្ទុកផ្តល់ជំនួយដល់ជនភៀសខ្លួន(COMAR) ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
ក្រុមអាជ្ញាធរ និយាយថា ពួកគេបានបញ្ជូនរថយន្តក្រុងចំនួន ១៨៩គ្រឿង ហើយរថយន្តដឹកទំនិញចំនួន ៧៣គ្រឿង ដើម្បីផ្លាស់ទីរបស់ជនអន្តោប្រវេសន៍ជាង ៨ពាន់នាក់ ។
ប៉ុន្តែនៅតំបន់ភាគខាងជើងម៉ិកស៊ិក ជនអន្តោប្រវេសន៍ដែលឆ្លងកាត់ទន្លេ Rio Bravoដោយជោគជ័យ ចេញពីទីក្រុង Ciudad Juarez របស់ម៉ិកស៊ិក ទៅកាន់ទីក្រុង El Paso ដោយសង្ឃឹមថានឹងបានចូលដល់ទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានបញ្ជូនមកកាន់ប្រទេសម៉ិកស៊ិកវិញ ដោយឆ្មាំជាតិរដ្ឋតិចហ្សាស់ ។
ក្រុមអាជ្ញាធរ បាននិយាយប្រាប់ជនអន្តោប្រវេសន៍ ឲ្យចូលទឹកដីសហរដ្ឋអាមេរិក តាមស្ពានអន្តរជាតិ ។
សូមបញ្ជាក់ថា ចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ បានឆ្លងចូលទឹកដីសហរដ្ឋអាមេរិក ចេញពីប្រទេសម៉ិកស៊ិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ធ្វើឲ្យមានសំពាធកាន់តែខ្លាំងលើរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Bidenក្នុងការកាត់បន្ថយលំហូរជនអន្តោប្រវេសន៍ ស្របពេលដែលការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ បានចាប់ផ្តើមឡើងកម្តៅខ្លាំង ៕