ភ្នំពេញ ៖ ក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ GFX បានស្នើឱ្យវិនិយោគិន ចូលរួមជាមួយក្រុមហ៊ុនប្តឹងបុគ្គលទីបី នៅពីក្រោយសំណុំរឿងបាត់បង់លុយរបស់វិនិយោគរបស់ក្រុមហ៊ុន។ ការស្នើនេះធ្វើឡើងបន្ទាប់ពីមានការប្រមូលផ្តុំគ្នាតវ៉ានៃវិនិយោគិននៅមុខការិយាល័យកណ្តាលក្រុមហ៊ុនGFX កាលពីម្សិលមិញ។
ការតវ៉ាទាមទារដោះស្រាយសំណុំរឿងបាត់បង់លុយក្នុងគណនីរបស់វិនិយោគនៃក្រុមហ៊ុន GFX បានបញ្ចប់ដោយមិនទាន់មានដំណោះស្រាយណាមួយត្រូវបានធ្វើឡើង។ ប៉ុន្តែវិនិយោគិន បានលើកឡើងថា ក្រោយកិច្ចប្រជុំមួយកាលពីថ្ងៃទី៣១ ខែឧសភា ក្រុមហ៊ុនបានស្នើដល់វិនិយោគិនដែលមានបញ្ហាបាត់បង់លុយពីគណនី ឱ្យចូលរួមប្តឹងជាមួយក្រុមហ៊ុន ប្តឹងប្រឆាំងនឹងបុគ្គលទីបី ជាជនបរទេស ដែលត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងករណីនេះ។
ក្រុមការងារBTV ព្យាយាមទាក់ទងសុំការការបកស្រាយជុំវិញដំណោះស្រាយជុំវិញសំណុំរឿងនេះ ពីនិយ័តករមូលបត្រកម្ពុជា ដែលជាស្ថាប័នទទួលការចុះបញ្ជីក្រុមហ៊ុនភ្នាក់ងារឈ្មួញជើងសារ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ កាលពីថ្ងៃម្សិលមិញថា “ការងារនេះ ស្ថិតក្រោមការដោះស្រាយ ក្នុងគោលដៅការពារប្រយោជន៍វិនិយោគិន។ សូមអធ្យាស្រ័យ ដោយស្ថិតក្រោមចំណាត់ការ ខ្ញុំអាចជម្រាបជូនប៉ុណ្ណេះ។
សូមបញ្ជាក់ថា ការជួញដូរឧបករណ៍និស្សន្ទ ឬ ដេរីវ៉េទីវ សំដៅទៅការជួញដូរលើកិច្ចសន្យាលើគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រសន្ទស្សន៍លោហៈធាតុមានតម្លៃរូបិយប័ណ្ណអន្តរជាតិ និងប្រេងឆៅជាដើម៕
អត្ថបទ ៖ ឈិត បូរ៉ាវី