ក្លិបបាល់ទាត់បារាំង Olympique de Marseille បានប្រកាសតែងតាំងអ្នកចាត់ការថ្មីលោក Gennaro Gattuso ដែលជាអតីតខ្សែបម្រើ និងអ្នកចាត់ការក្លិបអ៊ីតាលី AC Milan។
បុរសវ័យ ៤៥ ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនាំ Marseille ត្រឹមដំណាច់រដូវកាលថ្មីនេះប៉ុណ្ណោះ អមជាមួយជម្រើសបន្តបន្ថែមមួយរដូវកាលទៀត។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បានមកជំនួសតំណែងលោកអ្នកចាត់ការអេស្ប៉ាញ Marcelino ដែលបានសំរេចចិត្តដើរចេញពីក្លិបក្រោយមានភាពរកាំរកូសជាមួយអ្នកគាំទ្រ Marseille ដែលតែងតែរិះគន់អត់ឈប់ឈរ។
Marseille កំពុងឈរលេខ ៨ នៅក្របខណ្ឌបារាំង Ligue1 ខណៈនឹងត្រូវជួប Brighton នៅថ្ងៃទី ៥ ខែតុលាខាងមុខក្របខណ្ឌ UEFA Europa League។

លោក Gattuso បានដឹកនាំក្លិបអាជីពចុងក្រោយបំផុតនៅ Valencia តែត្រូវបានដកតំណែងកាលពីខែមករាកន្លងទៅ ក្រោយកាន់តំណែងបានត្រឹម ៧ ខែ។
រំលឹកថា Gennaro Gattuso ធ្លាប់ជាកីឡាករអាជីពនៅ AC Milan បង្ហាញខ្លួនបាន ៤៦៨ ប្រកួតចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១២ និងធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលី ៧៣ លើកផងដែរ៕ អត្ថបទ៖នាង សុភាវុធ
