
បណ្ដាគូប្រជែងមកពីគណបក្សសាធារណរដ្ឋ របស់លោកដូណាល់ ត្រាំ បានប៉ះទង្គិចពាក្យសម្ដីគ្នានៅក្នុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីដ៏ច្របូកច្របល់មួយ កាលពីថ្ងៃពុធ (២៧ កញ្ញា) ដោយការវាយប្រហារបានដាក់កម្រិតទៅលើអតីតប្រធានាធិបតីដែលអវត្តមានរូបនេះ និងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកចូ បៃដិន ព្រមទាំងចោទដាក់គ្នាទៅវិញទៅមក លើបញ្ហាជាច្រើនរាប់ចាប់ពីបញ្ហាប្រទេសចិន ដល់ការធ្វើអន្តោប្រវេសន៍ រួមទាំងសេដ្ឋកិច្ចផងដែរ។
ប៉ុន្តែនៅពេលដែលការជជែកដេញដោលបានបញ្ចប់ ពុំមានបេក្ខជនណាមួយហាក់ដូចជាអាចធានាបាននូវជ័យជម្នះ ដែលនឹងផ្លាស់ប្តូរសក្ដានុពលនៃការប្រកួតប្រជែងបឋមដោយលោកត្រាំ បានគ្រប់គ្រងការនាំមុខអស់រយៈពេលជាច្រើនខែនោះទេ បើទោះបីជាលោកត្រូវបានចោទប្រកាន់នូវបទឧក្រិដ្ឋចំនួន៤ករណីក៏ដោយ។
លោក បៃដិន ដែលជាបេក្ខភាពប្រធានាធិបតីបក្សប្រជាធិបតេយ្យ ដែលបានសន្មតសម្រាប់ការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ក៏ជាគោលដៅញឹកញាប់សម្រាប់បណ្ដាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ដែលបានទម្លាក់កំហុសលើការគ្រប់គ្រងសេដ្ឋកិច្ច និងព្រំដែនភាគខាងត្បូងជាមួយម៉ិកស៊ិករបស់លោកផងដែរ។
បេក្ខជនទាំងអស់បានប្ដេជ្ញាថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាអន្តោប្រវេសន៍ និងវាយប្រហាររដ្ឋបាលលោក បៃដិន ចំពោះការបរាជ័យក្នុងការទប់ស្កាត់វិបត្តិជនអន្តោប្រវេសន៍ ដែលបានជំរុញឱ្យមានការឆ្លងកាត់ដោយខុសច្បាប់ នៅព្រំដែនភាគខាងត្បូង។ បេក្ខជនទាំងប្រាំពីររូប កំពុងប្រជែងជាមួយលោកត្រាំ ដើម្បីក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សខ្លួន ដើម្បីប្រឈមមុខនឹងលោក បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២៤ ខាងមុខនេះ៕