
ទីភ្នាក់ងារព័ត៌មានឯករាជ្យរបស់អ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃពុធ (២៧ កញ្ញា) ថា អ៊ុយក្រែនយល់ព្រមដកពាក្យបណ្តឹងប្រឆាំងនឹងប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានដាក់កាលពីសប្តាហ៍មុនដោយមានលក្ខខណ្ឌ ព្រោះតែការសម្រេចរបស់ប្រទេសទាំងនោះក្នុងការបន្តការដាក់បម្រាមលើគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
លោក Taras Kachka តំណាងពាណិជ្ជកម្មរបស់ប្រទេសអ៊ុយក្រែន និងជាអនុរដ្ឋមន្ត្រីសេដ្ឋកិច្ចបាននិយាយថា ប្រទេសអ៊ុយក្រែននឹងដកពាក្យបណ្តឹងពីអង្គការ WTO ប្រឆាំងនឹងប្រទេសទាំងបីរបស់សហភាពអឺរ៉ុប (EU) ក្រោមលក្ខខណ្ឌថា ពួកគេនឹងមិនដាក់បម្រាមស្រដៀងគ្នានេះ លើការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននាពេលអនាគតទៀតទេ។
បន្ទាប់ពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនបានផ្ទុះឡើង ផលិតផលកសិកម្មមួយចំនួនធំ មិនអាចដឹកជញ្ជូនចេញបានទេ ដោយសារតែការបិទច្រកសមុទ្រខ្មៅ ដែលបង្ខំឱ្យអ៊ុយក្រែនស្វែងរកផ្លូវគោកផ្សេងទៀតក្នុងការដឹកជញ្ជូន។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែបញ្ហាដឹកជញ្ជូន និងបញ្ហាផ្សេងទៀតដែលមិនទាន់ដោះស្រាយបាន ផលិតផលកសិកម្មអ៊ុយក្រែនភាគច្រើន ត្រូវបានលក់នៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើត ដែលប៉ះពាល់ដល់តម្លៃផលិតផលកសិកម្មក្នុងស្រុក និងបង្កឱ្យមានការតវ៉ាក្នុងចំណោមកសិករក្នុងស្រុកផងដែរ៕