
ក្រុមអាជ្ញាធរក្នុងប្រទេសអ៊ូសបេគិស្ថាន បាននិយាយថា មនុស្សម្នាក់បានស្លាប់ និងមនុស្ស១៦២នាក់បានរងរបួស ដោយការផ្ទុះដ៏ខ្លាំងក្លាមួយនៅថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា)នេះ នៅឃ្លាំងមួយនៅជិតអាកាសយានដ្ឋានទីក្រុង Tashkent ប្រទេសអ៊ូសបេគិស្ថាន ដែលបានបង្កឱ្យមានអគ្គិភ័យ និងបង្កការខូចខាតបន្តិចបន្តួចនៅក្នុងប្លុកផ្ទះល្វែងនៅក្បែរនោះ។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងប្រុសជំទង់ម្នាក់បានស្លាប់ បន្ទាប់ពីស៊ុមបង្អួចបានធ្លាក់ទៅលើគេ ដោយបន្ថែមថាមនុស្ស២៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមិនមានការគំរាមកំហែងដល់អាយុជីវិតឡើយ ខណៈដែលមនុស្ស១៣៨នាក់ កំពុងព្យាបាលរបួស។
រដ្ឋបាលរបស់ប្រទេសនេះបាននិយាយថា ជើងហោះហើរបានដំណើរការជាធម្មតានៅអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីមួយនេះ។ ក្រសួងសង្គ្រោះបន្ទាន់បាននិយាយថា មន្ទីរពិសោធន៍ពិសេសមួយ ត្រូវបានបង្កើតឡើងនៅកន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតការផ្ទុះនេះ។
ការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមពីហាងលក់ទំនិញរបស់ប្រទេសអ៊ូសបេគិស្ថានមួយកន្លែងបានបង្ហាញថា ក្រុមពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន១៦នាក់ ត្រូវបានបញ្ជូនទៅពន្លត់អគ្គិភ័យនៅឃ្លាំងមួយក្នុងសង្កាត់ Sergeli នៃទីក្រុង Tashkent ក្បែរព្រលានយន្តហោះនោះផងដែរ៕