ភ្នំពេញ ៖ អភិបាលរាជធានី បានធ្វើការច្រានចោលនូវព័ត៌មានដែលថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារតែមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើននៅឡើយនោះ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី៣១ ខែឧសភានេះថា មកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ គ្មានការប្រកាសថា នឹងបិទទីក្រុងឡើងវិញនោះទេ ។ អាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រសួងសុខាភិបាល បាននឹងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបំផុត ជាមួយជំងឺកូវីដ-១៩ ដែលកំពុងមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប៉ុន្មានថ្ងៃនេះ មានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ ដូច្នេះឯកឧត្ដម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនោះទេ ។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានបង្ហាញនូវការសោកស្ដាយចំពោះការចែកចាយព័ត៌មាន ដែលមិនទាន់មានការសម្រេចច្បាស់លាស់ ពាក់ព័ន្ធការបិទរាជធានីភ្នំពេញ ឡើងវិញនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសហាក់មានការកើនឡើងវិញ ខណៈរាជធានីភ្នំពេញ ក៏កើននូវចំនួនអ្នកឆ្លងដូចគ្នានេះដែរ ជាហេតុធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានកែសម្រួលវិធានការចំពោះតំបន់មួយចំនួន ដែលត្រូវបានដាក់ជាតំបន់លឿង ទៅជាតំបន់លឿងទុំវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ទន្ទឹមនឹងនេះ ក៏លេចចេញព័ត៌មានថា ដោយសារការឆ្លងច្រើនរាល់ថ្ងៃនេះហើយ ដែលអាជ្ញាធរនឹងបិទរាជធានីភ្នំពេញវិញ។ ទោះជាយ៉ាងណាព័ត៌មានពិត គឺអភិបាលរាជធានីបានធ្វើការច្រានចោលនូវព័ត៌មាននេះ។
ដោយឡែកចំពោះផ្សារ គឺនៅបន្តផ្អាកដំណើរការមិនរៀបរយដដែល សម្រាប់ផ្សាររដ្ឋ គឺអនុញ្ញាតលក់ដូរតែម្ហូបអាហារប៉ុណ្ណោះ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
