
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃពុធ (ទី២៧ ខែកញ្ញា) ថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) គឺជាដៃគូនឹងគ្នា មិនមែនជាគូប្រជែងនោះឡើយ។
លោក Wang បានលើកឡើងបែបនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ដោយលោកបានប្រាប់ដៃគូសន្ទនាថា ការអភិវឌ្ឍនៃឧស្សាហកម្មផលិតកម្ម គឺអាស្រ័យលើការប្រកួតប្រជែងដោយយុត្តិធម៌ តែមិនមែនជាការការពារនិយមនោះទេ។
លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបន្តថា លោកសង្ឃឹមថា ភាគីហុងគ្រីនឹងបន្តជំរុញសហភាពអឺរ៉ុប (EU) ឲ្យអនុវត្តគោលនយោបាយសហប្រតិបត្តិការវិជ្ជមាន និងបើកចំហបន្ថែមទៀតឆ្ពោះទៅប្រទេសចិន ដោយធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តពហុភាគីនិយមពិតប្រាកដ ការពារប្រព័ន្ធអន្តរជាតិ ដែលផ្តោតលើអង្គការសហប្រជាជាតិ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងស្ថិរភាពនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប។
លោក Wang បានកត់សម្គាល់ថា ការស៊ើបអង្កេតពាក់ព័ន្ធនឹងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប ចំពោះយានយន្តអគ្គិសនីរបស់ប្រទេសចិន គឺផ្ទុយនឹងច្បាប់ជាមូលដ្ឋាននៃពាណិជ្ជកម្មអន្តរជាតិ ហើយទំនងជារំខានដល់សង្វាក់ផលិតកម្ម និងឧស្សាហកម្មរថយន្តសកល។
ចំណែកលោក Szijjarto បាននិយាយថា ភាគីហុងគ្រីប្រឆាំងយ៉ាងយ៉ាងខ្លាំងក្លា ចំពោះការកាត់ផ្តាច់ពីប្រទេសចិន។ លោក Szijjarto បានបន្តថា ប្រទេសហុងគ្រីសង្ឃឹមថា សហភាពអឺរ៉ុប និងចិនអាចសហការគ្នាយ៉ាងជិតស្និទ្ធ ហើយលោកមិនគាំទ្រ EU ចាត់វិធានការណាមួយ ដែលមិនអំណោយផលដល់ការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការដោយយុត្តិធម៌នោះឡើយ៕