
វេទិការបស់ក្រុមហ៊ុន Meta (Meta Platforms) បានដាក់បង្ហាញនូវកម្មវិធី Chatbot ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) កាសស្តាប់ត្រចៀកភាពពិតចម្រុះថ្មី និងវ៉ែនតាវៃឆ្លាត Ray-Ban នៅក្នុងសន្និសីទផលិតផលប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុង Menlo Park រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី២៧ ខែកញ្ញា)។
ក្រុមហ៊ុន Meta បានបញ្ចេញកាសម៉ាក Quest 3 ដែលក្រុមហ៊ុនបាននិយាយថា ជាកាសស្តាប់ត្រចៀកដំបូងរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងសម្រាប់ភាពពិតចម្រុះគ្នា (ការរួមបញ្ចូលគ្នា រវាងភាពពិត និងនិម្មិត)។ កាស Quest 3 ដោយមានថាមពលដំណើរការក្រាហ្វិកទ្វេដងនៃកាស Quest 2 ត្រូវបានបំពាក់ដោយឈីប Snapdragon XR2 Gen 2 របស់ក្រុមហ៊ុន Qualcomm។ កាស Quest 3 មានតម្លៃចាប់ពី ៤៩៩,៩៩ដុល្លារ ហើយនឹងចាប់ផ្តើមឲ្យមានការដឹកជញ្ជូន នៅថ្ងៃទី១០ ខែតុលា។
បន្ទាប់មកក្រុមហ៊ុន Meta ក៏បានបង្ហាញនូវកម្មវិធី Chatbot ជាច្រើន ដែលនឹងដំណើរការនៅលើកម្មវិធីបណ្ដាញសង្គមរបស់ខ្លួន។ ជាមួយគ្នានេះ ពាក់ព័ន្ធនឹង Meta AI ដែលជាជំនួយដល់ការសន្ទនាមាននៅលើកម្មវិធី WhatsApp, Messenger និង Instagram នោះ ក្រុមហ៊ុនបានប្រកាសថា កម្មវិធីនេះ នឹងផ្តល់ព័ត៌មានតាមពេលវេលាជាក់ស្តែង និងបង្កើតរូបភាពពិតៗពីការផ្ញើសាររបស់អ្នកប្រើប្រាស់។
ហើយចុងក្រោយក្រុមហ៊ុនបានប្រកាសពីវ៉ែនតាវៃឆ្លាត Ray-Ban ជំនាន់ថ្មី ដែលមានតម្លៃ ២៩៩ដុល្លារ។ ពួកគេនឹងចាប់ផ្តើមឲ្យមានដឹកបញ្ជូនទំនិញនៅថ្ងៃទី១៧ ខែតុលា។ អ្នកប្រើប្រាស់ទាំងឡាយអាចធ្វើការផ្សាយផ្ទាល់ដោយផ្ទាល់ តាមរយៈការពាក់វ៉ែនតានេះទៅកាន់អ្នកតាមដាន នៅលើបណ្ដាញសង្គម Facebook និង Instagram។ វ៉ែនតាឆ្លាតវៃនេះ ក៏នឹងមាន Meta AI ភ្ជាប់មកជាមួយផងដែរ ដោយមានសមត្ថភាពក្នុងការផ្តល់ព័ត៌មានអំពីវត្ថុដែលអ្នកប្រើប្រាស់កំពុងមើល៕