
សហរដ្ឋអាមេរិកកំពុងគាំទ្រដល់គម្រោងខ្សែកាប្លិ៍អ៊ីនធឺណិតក្រោមបាតសមុទ្រថ្មី ដែលតភ្ជាប់កោះប៉ាស៊ីហ្វិកជាច្រើន។ នេះបើយោងតាមផែនការសម្រាប់គម្រោងដែលមើលឃើញដោយសារព័ត៌មាន Reuters ពោលគឺជាគម្រោង ដែលជួយជំរុញផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងតំបន់ដែលខ្លួនកំពុងប្រជែងឥទ្ធិពលជាមួយប្រទេសចិន។
បើយោងតាមឯកសារ ដែលបង្ហាញពីផ្លូវខ្សែកាប្លិ៍នេះ បានឲ្យដឹងថា ខ្សែកាប្លិ៍ប៉ាស៊ីហ្វិកកណ្តាល នឹងតភ្ជាប់កោះអាមេរិកសាម៉ៅ (American Samoa) ជាមួយកោះហ្គាំ (Guam) ដែលជាទឹកដីចំនួន២ របស់សហរដ្ឋអាមេរិក ហើយពង្រីកដល់កោះប៉ាស៊ីហ្វិកចំនួន ១២បន្ថែមទៀត។ កោះហ្គាំគឺជាទីតាំងមូលដ្ឋានយោធាសំខាន់របស់អាមេរិក។
ខ្សែកាប្លិ៍អ៊ីនធឺណិតក្រោមសមុទ្រ ជាធម្មតាត្រូវចំណាយពេលយ៉ាងតិចពី ៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បីបង្កើត និងដំឡើង។ គម្រោងខ្សែកាប្លិ៍ ដែលបានស្នើឡើងនេះ នឹងលាតសន្ធឹងរាប់ពាន់គីឡូម៉ែត្រ។
សេចក្ដីថ្លែងការណ៍របស់សេតវិមាន ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) បន្ទាប់ពីកិច្ចប្រជុំ រវាងមេដឹកនាំកោះប៉ាស៊ីហ្វិក និងប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិដល់ការសិក្សាពីលទ្ធភាពជាក់ស្ដែងចំនួន ៣លានដុល្លារ សម្រាប់គម្រោងខ្សែកាប្លិ៍នេះ។ តែសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីប្រទេសពាក់ព័ន្ធនោះទេ។
ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលឆ្លងកាត់មហាសមុទ្រ ហើយធ្វើការបញ្ជូន ៩៩ភាគរយនៃចរាចរណ៍អ៊ីនធឺណិតឆ្លងទ្វីបនោះ បានក្លាយជាសមរភូមិដ៏ធំនៃការប្រកួតប្រជែង រវាងសហរដ្ឋអាមេរិក និងចិន ដូចដែលមាននៅក្នុងរាយការណ៍ សម្រាប់ការស៊ើបអង្កេតរបស់សារព័ត៌មាន Reuters កាលពីខែមីនា៕