
មនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ក្រោយក្រុមចោរវាយប្រហារអគារធុរកិច្ចនៅទូទាំងទីក្រុង Philadelphia របស់សហរដ្ឋអាមេរិក ។
ភាពវឹកវរបានកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃម្សិលមិញ ក្រោយការទូរស័ព្ទទៅកាន់លេខ ៩១១ ប្រាប់ថាមានក្រុមចោរគ្នាប្រហែល ១០០នាក់ បានធ្វើដំណើរឆ្លងកាត់មជ្ឈមណ្ឌលទីក្រុង Philadelphia ហើយហាងលក់ទំនិញជាច្រើន ត្រូវបានពួកគេចូលលួច ។
ក្រុមនគរបាលនិយាយថា ពួកគេបានចាប់ខ្លួនមនុស្សចន្លោះពី ១៥នាក់ទៅ ២០នាក់ ។
ពួកគេបញ្ជាក់ថា ការលួចទំនិញ ពុំបានពាក់ព័ន្ធនឹងការបាតុកម្មប្រឆាំងនឹងករណីដែលនគរបាលបាញ់សម្លាប់លោក Eddi Irizarry នោះឡើយ ។
លោក John Stnanfordគឺជាស្នងការនគរបាលក្រុង Philadelphia និយាយថា មកទល់នឹងពេលនេះ ពួកយើបានចាប់ខ្លួនមនុស្សបានចន្លោះពី ១៥នាក់ ទៅ ២០នាក់ ហើយអាវុធយ៉ាងហោច ២ដើម ត្រូវបានរកឃើញ ប៉ុន្តែពួកយើងមិនដឹងថាតើអាវុធទាំងនេះ ជាប់ពាក់ព័ន្ធនឹងការចូលលួចទំនិញក្នុងហាងនោះទេ ។
លោកបន្តថា លោកចង់បញ្ជាក់ថា ករណីនេះគ្មានការទាក់ទិននឹងបាតុកម្មនោះទេ ហើយអ្វីដែលពួកយើងដឹងកាលពីយប់មិញ គឺក្រុមឧក្រិដ្ឋជនបានឆ្លៀតឱកាសពីស្ថានភាពវឹកវរ ហើយនិងព្យាយាមបំផ្លិចបំផ្លាញទីក្រុងរបស់ពួកយើង ៕