
ទីលានចតុរង្គប្រវត្តិសាស្រ្ត Plaza de Mayo របស់ប្រទេសអាហ្សង់ទីន ស្ថិតនៅកណ្តាលទីក្រុង Buenos Aires ជាកន្លែងដែលមនុស្សតែងតែជួបជុំគ្នាធ្វើបាតុកម្មនោះ បានក្លាយជាបន្ទប់ផ្ទះបាយធ្វើស៊ុប សម្រាប់ប្រជាពលរដ្ឋក្រីក្រ ។
ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានមើលឃើញអតិផរណាកើនឡើងដល់ ១២៤ភាគរយ ដែលជំរុញឲ្យកម្រិតភាពក្រីក្រកើនឡើងជាង ៤០ភាគរយ ។
អាហ្សង់ទីនដែលមើលឃើញការធ្លាក់ចុះសេដ្ឋកិច្ច ហើយនិងការធ្លាក់ចុះទុនបម្រុងរូបិយបណ្ណបរទេសនោះ គ្រោងនឹងបញ្ចេញទិន្នន័យភាពក្រីក្រផ្លូវការរបស់ខ្លួនសម្រាប់ឆមាសដំបូងក្នុងឆ្នាំ ២០២៣ បើទោះបីជាក្រុមអ្នកវិភាគរំពឹងថា វានឹងហក់ឡើងខ្ពស់ពីចំនួន ៣៩,២ភាគរយ កាលពីដំណាច់ឆ្នាំមុនក៏ដោយ ។
វិបត្តិនេះដែរ បានធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាលនិយមឆ្វេងកណ្តាលរបស់អាហ្សង់ទីន ហើយនិងបេក្ខជនប្រធានាធិបតីរបស់ពួកគេ គឺរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Sergio Massa ស្របពេលដែលប្រជាប្រិយភាពរបស់បេក្ខជននិយមស្តាំរ៉ាឌីកាល់លោក Javier Milei ហក់ឡើងខ្ពស់អំឡុងការស្ទង់មតិ ៕