
តន្រ្តីករ២រូបដែលមានឈ្មោះក្រៅ ឧត្តមសេនីយ៍ Kidi និងកសិករ Ganjaa បានឆ្លងកាត់សង្រ្គាមអស់រយៈពេលច្រើនឆ្នាំនៅទីក្រុង South Kordofan ហើយពួកគេបានធ្វើដំណើរមកកាន់ទីក្រុងមួយនេះវិញ ដោយសង្ឃឹមថានឹងបានផ្សព្វផ្សាយតន្រ្តីនៃក្តីសង្ឃឹមរបស់ពួកគេ ក្រោយការដួលរលំទៅរបស់បុរសខ្លាំង Omar al-Bashir កាលពីឆ្នាំ ២០១៩ ។
រយៈពេល ៤ឆ្នាំក្រោយមក ស្ថាបនិកបង្កើតក្រុមតន្រ្តី 'Nuba Mountain Sound' បានជួបរឿងរ៉ាវសង្រ្គាមមួយទៀត ហើយនិងការជម្លៀសខ្លួន ពេលដែលពួកគេរត់ភៀសខ្លួនចេញពីទីក្រុង Khartoum កាលពីខែឧសភា ទៅកាន់ទីក្រុងសមុទ្រក្រហម Port Sudan ស្ថិតនៅភាគខាងកើតប្រទេសស៊ូដង់ ។
ក្រុមតន្រី្ត 'Nuba Mountain Sound' ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៤ ដោយមានគោលដៅស្រោចស្រង់តន្រ្តីប្រពៃណីស៊ូដង់ខាងត្បូង ។ ពួកគេបានទុកចោលសមាជិកនៅទីក្រុង South Kordofan ពេលដែលពួកគេ បានរត់ភៀសខ្លួនទៅកាន់ទីក្រុង Khartoum ។
ក្រុមតន្រ្តីករទាំង ២នាក់នេះ ដែលបានស្វែងរកការងារធ្វើជាជាងសំណង់ដើម្បីចិញ្ជឹមអាយុជីវិត និយាយថា ពួកគេនឹងស្វែងរកក្តីសង្ឃឹមនៅក្នុងតន្រ្តីដែលពួកគេផលិត ។ នៅទីក្រុង Port Sudan មានបន្ទុកធ្ងន់រួចទៅហើយដោយសារតែពលរដ្ឋស៊ូដង់រាប់ម៉ឺននាក់ ដែលរត់ភៀសខ្លួនចេញពីសង្រ្គាម ។ ពួកគេនឹងច្រៀងចម្រៀងដែលពួកគេបង្កើតឡើងនៅមុខទស្សនិកជន ។
ពួកគេនឹងចូលរួមសិក្ខាសាលាតន្រ្តីផងដែរ ជាទីដែលពួកគេនឹងបង្រៀនពលរដ្ឋស៊ូដង់ពីក្បាច់រាំ និងតន្រ្តីប្រពៃណីស៊ូដង់ ។
សម្រាប់លោក Kidi វ័យ ២៩ឆ្នាំ តន្រ្តីរបស់លោក គឺជាយានបង្ហាញវប្បធម៌ចម្រុះរបស់ស៊ូដង់ ។ លោកនិយាយថា ប៉ុន្តែបើគ្មានសន្តិភាពទេ វប្បធម៌ទាំងនេះ មិនកើតឡើងនោះឡើយ ។ ពួកយើងត្រូវការសន្តិភាព ដើម្បីឲ្យពួកយើងបង្ហាញពិភពលោកថាពួកយើងគឺជានរណាឲ្យពិតប្រាកដ ៕