
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោកស្រី Nancy Faeser បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកស្រី នឹងណែនាំឲ្យបន្តការគ្រប់គ្រងព្រំដែនជាមួយប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆេក នៅក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ស្របពេលដែលការហក់ឡើងខ្ពស់នៃការមកដល់របស់ជនអន្តោប្រវេសន៍ បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុំសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប ។
លោកស្រីបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំងថា ព្រំដែនសហភាពអឺរ៉ុប ត្រូវការគ្រប់គ្រងឲ្យបានល្អប្រសើរជាងនេះ ហើយម្យ៉ាងវិញទៀត វិធានតំបន់ព្រំដែន Schengen កំពុងស្ថិតក្នុងគ្រោះថ្នាក់ ។
លោកស្រី Nancy បញ្ជាក់ថា ពួកយើងត្រូវតែបញ្ឈប់ការធ្វើជំនួញលើមនុស្សរបស់ក្រុមរត់ពន្ធមនុស្សខុសច្បាប់ ដោយសារតែវាគឺជាផលចំណេញអតិបរមា ពួកគេលេងសើចជាមួយអាយុជីវិតរបស់មនុស្ស ។ នោះហើយគឺជាហេតុផលដែលក្រុមនគរបាលព្រំដែនអាល្លឺម៉ង់ ត្រូវតែគ្រប់គ្រងបន្ថែមទៀតនៅតាមផ្លូវជួញដូរមនុស្សខុសច្បាប់នៅតាមព្រំដែនជាមួយប៉ូឡូញ និងសាធារណរដ្ឋឆេក ។
លោកស្រីបន្តថា ពួកយើងត្រូវតែធ្វើបែបនេះ ដើម្បីឲ្យព្រំដែនក្នុងសហភាពអឺរ៉ុបអាចនៅបន្តបើកបាន ប៉ុន្តែពួកយើងត្រូវការដំណោះស្រាយរបស់អឺរ៉ុបផងដែរ បើទោះបីជាតំបន់ Schengen ស្ថិតក្នុងគ្រោះថ្នាក់ក៏ដោយ ៕