
ក្រសួងការពារជាតិចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) នេះ ថា ទីក្រុងប៉េកាំងនឹងមិនអង្គុយស្ងៀមធ្វើមិនដឹងមិនឮនោះទេ បន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានធ្វើសមយុទ្ធយោធារួមគ្នា ក្នុងលក្ខណៈ «បង្កហេតុ» នៅសមុទ្រលឿង។
សូមរំលឹកថា សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន គឺកាណាដា និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរយៈពេល ១ថ្ងៃ នៅក្នុងតំបន់ កាលពីថ្ងៃទី១៤ ខែកញ្ញា។
ជាមួយគ្នានេះ ក្រសួងការពារចិនក៏បានប្រកាសដែរថា ប្រទេសចិន និងអារ៉ាប៊ីសាអ៊ូឌីត នឹងចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅខែតុលា។ វគ្គលំហាត់សមនឹងប្រព្រឹត្តទៅនៅទីក្រុង Zhanjiang ( ចាន់ជាំង) ភាគខាងត្បូងនៃខេត្ត Guangdong របស់ចិន ដោយក្រសួងបានបញ្ជាក់បន្ថែមថា នេះជាការហ្វឹកហ្វឺនរួមគ្នាលើកទី២ រវាងប្រទេសទាំង២៕