អាមេរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិងកំពុងរៀបចំផែនការបន្ទាន់ ក្នុងករណីមានការបិទរដ្ឋាភិបាល។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន លោក Miller បាននិយាយថា ផែនការនោះនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីសម្រេច ថាតើការងារណា ដែលចាំបាច់សម្រាប់សន្តិសុខជាតិ ហើយមិនអាចត្រូវផ្អាកក្នុងពេលការបិទរដ្ឋាភិបាល និងការងារណាខ្លះដែលត្រូវផ្អាក។
គួរបញ្ជាក់ផងដែរថា សភាតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ ដែលដឹកនាំដោយក្រុមតូចមួយនៃពួកអភិរក្សនិយមដ៏រឹងរូស បានបដិសេធកម្រិតការចំណាយសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀង ដែលប្រធានសភាអាមេរិក លោក Kevin McCarthy បានចរចាជាមួយលោកប្រធានាធិបតី ចូ បៃដិន កាលពីខែឧសភា៕

