អាមេរិក៖ គណបក្សសាធារណរដ្ឋ ដឹកនាំការស៊ើបអង្កេតលើការចោទប្រកាន់ដើម្បីទម្លាក់តំណែងប្រធានាធិបតីអាមេរិក លោកចូ បៃដិន ដោយផ្ដោតលម្អិតលើការទូទាត់ប្រាក់បរទេសដល់សមាជិកនៃគ្រួសាររបស់លោក នៅក្នុងសវនាការលើកដំបូងរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ប៉ុន្តែមិនបានផ្តល់ភស្តុតាងដែលថាប្រធានាធិបតីប្រជាធិបតេយ្យរូបនេះ បានទទួលផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
សវនាការលើការចោទប្រកាន់ដំបូង ដោយគណៈកម្មាធិការត្រួតពិនិត្យសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានធ្វើការពិនិត្យលើភស្តុតាងដែលថា គណបក្សសាធារណរដ្ឋបានប្រមូលផ្តុំមកទល់ពេលនេះ អំពីការបណ្តាក់ទុនអាជីវកម្មបរទេស ដោយកូនប្រុសដែលកំពុងមានបញ្ហារបស់លោក បៃដិន ឈ្មោះ ហាន់ធឺ បៃដិន (Hunter Biden) វ័យ៥៣ឆ្នាំ ដែលពួកគេនិយាយថា ភស្តុតាងបានបង្ហាញថាសមាជិកគ្រួសាររបស់លោក បៃដិន កំពុងលក់សិទ្ធិប្រើប្រាស់នៃអាជីវកម្មបរទេសទាំងនោះ។
គណបក្សប្រជាធិបតេយ្យ និងសាក្សីឯករាជ្យជាច្រើននាក់បាននិយាយថា មិនមានភស្តុតាងណាមួយដែលថាលោក បៃដិន បានទទួលប្រាក់ទាំងនោះ ឬបានចូលរួមក្នុងអាកប្បកិរិយាមិនសមរម្យ ខណៈពេលដែលលោកបម្រើការជាអនុប្រធានាធិបតីចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៧ នោះទេ។ សេតវិមានបានបដិសេធការប្រព្រឹត្តខុសរបស់លោកបៃដិន ហើយបានច្រានចោលការស៊ើបអង្កេតនេះថា មានហេតុផលនយោបាយនៅពីក្រោយ។
គួររម្លឹកផងដែរថា គណបក្សសាធារណរដ្ឋ បានចោទប្រកាន់លោក បៃដិន និងក្រុមគ្រួសាររបស់លោក ថាបានប្រយោជន៍ពីគោលនយោបាយ ដែលលោកបានបន្តធ្វើជាអនុប្រធានាធិបតី ក្នុងអំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៧។
ដោយឡែក ពួកគេក៏បានចោទប្រកាន់ក្រសួងយុត្តិធម៌ ថាបានជ្រៀតជ្រែកក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កូនប្រុសលោកប្រធានាធិបតីរូបនេះ គឺលោក ហាន់ធឺ បៃដិន ផងដែរ៕

