អាមេរិក៖ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក ជនអន្តោប្រវេសន៍ជាច្រើនក្រុម ដែលភាគច្រើនមកពីប្រទេសវេណេស៊ុយអេឡា បាននិងកំពុងសម្រុកធ្វើដំណើរឆ្លងកាត់ទន្លេ Rio Bravo ពីទីក្រុង Piedras Negras ភាគខាងជើងប្រទេសម៉ិកស៊ិក ចូលទៅក្នុងទីក្រុង Eagle Pass រដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ដោយជួបបញ្ហាប្រឈមជាច្រើននៅតាមព្រំដែន ព្រោះតែមានការរារាំងដោយខ្សែលួសបន្លាដ៏មុតស្រួត ដែលដាក់នៅតាមច្រាំងទន្លេនោះ។
នៅក្រោមច្បាប់ថ្មី ដែលបានដាក់ក្នុងខែឧសភា ដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានដាក់កំហិតលើជនអន្តោប្រវេសន៍ ដែលមិនបានធ្វើការណាត់ជួបដើម្បីឆ្លងកាត់ច្រកចូលផ្លូវច្បាប់ នៅលើកម្មវិធីទូរស័ព្ទគ្រប់គ្រងដោយរដ្ឋាភិបាល ដែលគេស្គាល់ថាឈ្មោះកម្មវិធីសិទ្ធិជ្រកកោន CBP One អាចប្រឈមមុខនឹងការរារាំងក្នុងការជ្រកកោននៅអាមេរិក ព្រមទាំងការនិរទេសត្រឡប់ទៅប្រទេសកំណើត ដែលអាចកើតមានផងដែរ។
សូមបញ្ជាក់ថា ចំនួនជនអន្តោប្រវេសន៍បានធ្លាក់ចុះកាលពីដំបូង បន្ទាប់ពីការប្រកាសច្បាប់សិទ្ធិជ្រកកោនថ្មី ប៉ុន្តែក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ តួលេខបានចាប់ផ្តើមកើនឡើងម្តងទៀត ខណៈជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលភាគច្រើនបានភៀសខ្លួនចេញពីវេណេហ្ស៊ុយអេឡា ដែលធ្វើដំណើរឆ្លងកាត់អាមេរិកខាងត្បូង និងកណ្តាល បានចាប់ផ្តើមមកដល់ព្រំដែនអាមេរិកជាបន្តបន្ទាប់មក៕

