ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ២៨ ខែកញ្ញា ក្រសួងការបរទេសចិន បានចោទប្រកាន់កោះតៃវ៉ាន់ថា បានបង្កើត ការប្រឆាំង និងការប្រឈមដាក់គ្នាចំៗ បន្ទាប់ពីទីក្រុងតៃប៉ិ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួន។
កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានបង្កើតកម្មវិធីនាវាមុជទឹកក្នុងស្រុកជាផ្នែកសំខាន់នៃគម្រោងមហិច្ឆតាធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ស្របពេលទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃដើម្បីអះអាងអំពីអធិបតេយ្យភាពរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹកផលិតក្នុងស្រុកដំបូងរបស់កោះនេះ មិនអាចបញ្ឈប់ការបង្រួបបង្រួមជាតិបានទេ គ្មានអ្វីក្រៅតែពីជារបាំងការពាររលកហើយទីបំផុតនឹងដើរចូលទៅក្នុងផ្លូវងងឹងដោយខ្លួនឯង ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីញ (Mao Ning) ដែលបានបំភ្លឺថា បញ្ហាកោះតៃវ៉ាន់ មិនមែនជាបញ្ហាកិច្ចការបរទេសទេ តែសម្រាប់ប្រទេសចិនប៉ុណ្ណោះ បាននិយាយថា ការពង្រីកវិស័យយោធារបស់នេះ នឹង បំផ្លាញសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។
រីឯអាជ្ញាធរការបរទេសរបស់កោះតៃវ៉ាន់ វិញ បាននិយាយថា ដោយខ្លួនប្រឈមនឹងការបង្កើនសម្ពាធយោធាពីសកម្មភាពផ្លូវអាកាស និងជើងទឹកឥតឈប់ឈររបស់ចិន តៃវ៉ាន់គ្មានជម្រើសអ្វីក្រៅពីពង្រឹងការការពាររបស់ខ្លួនឡើយ។
កោះតៃវ៉ាន់ បានលើកឡើងថា នាវាមុជទឹកថ្មីរបស់ខ្លួនដែលមានឈ្មោះ ណាវ៉ាល (Narwhal) នឹងចូលបម្រើវិស័យយោធា នៅឆ្នាំ ២០២៥ ដោយចូលរួមជាមួយនាវាមុជទឹកដែលមានស្រាប់ចំនួនពីរ គ្រឿង ទិញពីប្រទេសហូឡង់កាលពីទសវត្សរ៍ឆ្នាំ ១៩៨០៕

