សៀមរាប៖ នៅថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្រ្តា បាននាំយកនូវទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនជូនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះសង្ឃ សមណសិស្ស លោកគ្រូ អ្នកគ្រូ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ។
ក្នុងឱកាសប្រគល់ភារកិច្ចប្រគេន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក សមាជិកថេរសភា ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ទទួលភារកិច្ចសម្របសម្រួលការងារពុទ្ធសាសនា ដោយសហការជាមួយមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប និងប្រគល់ព្រះរាជប្រកាសនីយប័ត្រផ្ដល់គោរមងារជូនអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ជាសុព្រហ្មសិលាចារ្យ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងលោកជំទាវ អ៊ុន វុនលី ជាសុព្រហ្មសិលាចារ្យានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលប្រារព្ធឡើងនៅវត្តរាជបូណ៌ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនសមេ្តច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ និងអ្នកចូលរួមទាំងអស់ដោយក្តីនឹករលឹក។ សព្វថ្ងៃនេះ ខេត្តសៀមរាប ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញបំផុត និងមានប្រាសាទបុរាណល្បីៗជាច្រើនទៀត ហើយក៏ជាខេត្តមួយមានធនធានព្រះសង្ឃដ៏កម្រ និងត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជាសម្តេចព្រះព្រហ្មរតនមុនី និងទទួលជួយមើលការងារកិច្ចការព្រះពុទ្ធសាសនា និងទីវត្តអារាមនានា ទូទាំងខេត្ត ដូចមានចែងក្នុងសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងមួយជីវិតរបស់សម្តេច គឺបានបូជាចំពោះព្រះពុទ្ធសាសនា និងសង្គមជាតិ តាមរយៈការចូលរួមចំណែកកសាងនូវសមិទ្ធផលនានា នៅតាមវត្តអារាមជាច្រើន ដូចជាវត្តរាជបូណ៌នេះជាដើម ហើយវត្តរាជបូណ៌នេះទៀតសោត គឺល្បីល្បាញទូទាំងប្រទេស និងផ្សព្វផ្សាយ លើពិភពលោកខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌។ ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់សម្តេច ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃថ្នាក់ខេត្ត ព្រះគ្រូអនុគណស្រុក ព្រះមន្ត្រីសង្ឃថ្នាក់ស្រុក រួមគ្នាពង្រឹងព្រះធម៌ ព្រះវិន័យ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានស្រាប់ ដើម្បីលើកកម្ពស់កិត្យានុភាពតម្លៃ នៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមទីវត្តអារាម ឱ្យបានល្អស័ក្តិសមជាទីកន្លែងសម្រាប់គោរពសក្ការបូជា និងជាទីកន្លែងសម្រាប់ទេសចរជាតិ អន្តរជាតិ បានឈ្វេងយល់ពីវប្បធម៌ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងតាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចំពោះអធិករណ៍ ដែលកើតមានទៅតាមធម៌វិន័យ រឿងធំធ្វើមកជារឿងតូច រឿងតូចធ្វើទៅជារឿងល្អៗ ដើម្បីបញ្ចប់៕








