ក្រុមប្រណាំង F1, Rodin Cars ដែលមានមូលដ្ឋាននៅប្រទេសនូវែហ្ស៊ីឡង់បានឱ្យដឹងថា សំណើចូលរួមជាមួយ Formula One ត្រូវបដិសេធដោយសហព័ន្ធកីឡាប្រណាំងយានយន្តអន្តរជាតិ FIA។ ក្រុមផលិតរថយន្តមួយនេះមានមូលដ្ឋាននៅប្រទេសនូវែហ្ស៊ីឡង់ និងមាន គម្រោងប្រើប្រាស់អ្នកបើកបរជានារីមួយក្នុងចំណោម ២ នាក់។
Rodin គឺជាម្ចាស់ភាគហ៊ុនធំមួយដែលចូលរួមចំនែកក្នុងដំណើរការនៃការប្រណាំងរថយន្ត F4 F3 និង F2។

អ្នកបើកបរសញ្ជាតិអង់គ្លេស កីឡាការិនី Jamie Chadwick ដែលធ្លាប់ឈ្នះការប្រកួតផ្នែកនារី ៣ សម័យ គឺជាបេក្ខភាពនៅក្នុងក្រុមប្រណាំង Rodin Cars ក្នុងសំណើទៅកាន់ F1 នេះ។
Jamie Chadwick ដែលមានវ័យ ២៥ ឆ្នាំធ្លាប់ប្រណាំងនៅរថយន្ត IndyCar សហរដ្ឋអាមេរិកជាមួយក្រុម Andretti Autosport តែនាងមិនមានប័ណ្ឌបើកបរដែលអនុញ្ញាតដោយ F1 នៅឡើយ។
មកទល់ពេលនេះ FIA បានបើកការទទួលពាក្យចូលរួមប្រណាំង F1 សម្រាប់រដូវកាល ២០២៥ ២០២៦ និង ២០២៧ ចាប់ពីខែកុម្ភៈកន្លងទៅ ខណៈក៏មានការសំណើពីក្រុម Andretti Global ដែលដឹកនាំដោយអតីតកីឡាករ F1, Michael Andretti ដែលជាកូនប្រុសរបស់ អតីតជើងឯកពិភពលោកឆ្នាំ១៩៧៨ លោក Mario Andretti៕ អត្ថបទ៖នាង សុភាវុធ