វាយកូនបាល់៖ អ្នកការពារតំណែងជើងឯកវាយកូនបាល់ Grand Slam, French Open កីឡាការិនីប៉ូឡូញ Iga Swiatek បានអបអរថ្ងៃខួបកំណើតឈានចូលវ័យ ២០ឆ្នាំរបស់ខ្លួនជាមួយនឹងជ័យជំនះជុំទី១ លើកីឡាការិនីស្លូវេនី Kaja Juvan។

កីឡាការិនីលំដាប់លេខ ៨ សញ្ជាតិប៉ូឡូញរូបនេះ បានយកឈ្នះមិត្តស្និតស្នាលរបស់ខ្លួន Kaja Juvan ដោយលទ្ធផល ៦-០ និង ៧-៥។ រំលឹកថា Iga Swiatek បានឈ្នះជើងឯក Grand Slam លើកដំបូងរបស់ខ្លួនកាលពីឆ្នាំមុននៅ French Open នេះ ដោយយកឈ្នះកីឡាការិនីអាមេរិក Sofia Kenin នៅវគ្គផ្ដាច់ព្រ័ត្រ។ ងាកមកកីឡាការិនីអតីតជើងឯករងឆ្នាំមុន Sofia Kenin ក៏បានឈានចូលជុំទី២ ដែរក្រោយយកឈ្នះកីឡាការិនីជើងឯក French Open ឆ្នាំ២០១៧ Jelena Ostapenko ៦-៤, ៤-៦ និង ៦-៣។ ចំណែកជើងឯក Grand Slam ២៣លើក Serena Williams បានយកឈ្នះកីឡាការិនីរ៉ូម៉ានី Irina-Camelia Begu លទ្ធផល ៧-៦(៨-៦) និង ៦-២។ Serena Williams កំពុងស្វែងរកជើងឯក Grand Slam អោយស្មើកំណត់ត្រារបស់ Margaret Court ដែលឈ្នះសរុប ២៤លើក៕
អត្ថបទ៖នាង សុភាវុធ