ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវប្រទេសចិន រកបានគ្រប់ក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយហើយ ខណៈបីក្រុមចុងក្រោយគឺ ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និងអ៊ូសប៊ែគីស្ថាន។
គូដំបូងនេះក្រុមសាមូរ៉ៃ U23 ជប៉ុនបានយកឈ្នះក្រុមនៅតំបន់អាស៊ីអាគ្នេយ៍មីយ៉ាន់ម៉ាដោយលទ្ធផលធំធេង ៧-០ ដោយគ្រាប់ម្នាក់ពីរគ្រាប់របស់ Kein Sato និង Shun Ayukawa ខណៈបីគ្រាប់ទៀតធ្វើបានដោយ Koshiro Sumi, Kotaro Uchino និង Shota Hino។
ងាកទៅមើលក្រុមនៅតំបន់អាស៊ីគ្នេយ៍មួយទៀត ក៏មានជោគវាសនាមិនល្អដែរ គឺឥណ្ឌូនេស៊ីដោយរងបរាជ័យក្រោមថ្វីជើងអ៊ូសប៊ែគីស្ថាន ២-០ នៅម៉ោងបន្ថែម។
បន្ទាប់ពីប្រកួតពេញ ៩០ នាទីគ្មានគ្រាប់បាល់កើតឡើង ការប្រកួតបន្តបន្ថែម ១៥ នាទីពីរដង ខណៈដែលអ៊ូសប៊ែគីស្ថានរកបានគ្រាប់ពីរគ្រាប់ដោយ Sherzod Esanov នៅនាទីទី ៩២ និង ១២០+១។
បរាជ័យនេះមានន័យថា មិនមានក្រុមនៅតំបន់អាស៊ីអាគ្នេយ៍ណាមួយឡើងវគ្គ ៨ ក្រុមចុងក្រោយឡើយ។
ក្រឡេកមកទស្សនាគូចុងក្រោយនេះវិញ អារ៉ាប៊ីសាអ៊ូឌីតបានយកឈ្នះឥណ្ឌា ២-០ ផងដែរដោយគ្រាប់បាល់របស់ Mohammed Maran ពីរគ្រាប់ម្នាក់ឯង។
ដូច្នេះវគ្គ ៨ ក្រុមចុងក្រោយរកបានអស់ហើយដែលនឹងត្រូវប្រកួតនៅថ្ងៃទី ១ ខែតុលារួមមាន អ៊ូសប៊ែគីស្ថានជួបអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ជួបហុងកុង ជប៉ុនជួបកូរ៉េខាងជើង និង ចិនជួបកូរ៉េខាងត្បូង៕ អត្ថបទ៖នាង សុភាវុធ