នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា លោកប្រាកដណាស់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងលើកឡើងពីឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅពេលដែលលោកបានជួបសមភាគីឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ប៉ុន្តែសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចប្រជុំនោះ មិនបាននិយាយអំពីបញ្ហានេះទេ។

លោក Trudeau បានធ្វើការលើកឡើងរបស់ខ្លួនទៅកាន់អ្នកសារព័ត៌មានក្នុងខេត្ត កេប៊ិក (Quebec) រយៈពេល១០ថ្ងៃ បន្ទាប់ពីលោកបានប្រកាសថា ប្រទេសកាណាដាសង្ស័យថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាមានទំនាក់ទំនងនឹងឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar ដែលបានកើតឡើងនៅក្នុងខេត្ត ប្រ៊ីដធីស កូឡំប៊ី ក្នុងខែមិថុនា។ លោក Nijjar ជាពលរដ្ឋកាណាដា ប៉ុន្តែឥណ្ឌាបានប្រកាសថាលោកជា «ភេរវករ»។
សម្ព័ន្ធមិត្តប្រពៃណីរបស់កាណាដា រួមទាំងសហរដ្ឋអាមេរិក បានលេចចេញនូវវិធីសាស្រ្តប្រុងប្រយ័ត្នក្នុងការដោះស្រាយចំពោះបញ្ហានេះ។
ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ការយកចិត្តទុកដាក់ជាពិសេសនេះ គឺជាផ្នែកមួយដោយសារតែទីក្រុងវ៉ាស៊ីនតោន និងតួអង្គសំខាន់ៗផ្សេងទៀតមើលឃើញថា ឥណ្ឌាជាអ្នកប្រឆាំងទៅនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន៕
