ភាពលម្អៀងរវាងគណបក្ស គឺជាលក្ខណៈនៃនយោបាយនៅក្នុងសហរដ្ឋអាមេរិក តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែការបែកបាក់រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យកាន់តែស៊ីជម្រៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ខណៈប្រទេសនេះកំពុងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ជាមួយនឹងការស៊ើបអង្កេតលើការចោទប្រកាន់ដើម្បីទម្លាក់តំណែងលោកប្រធានាធិបតី ចូ បៃដិន និងការចោទប្រកាន់បទឧក្រិដ្ឋរបស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ពីបទប៉ុនប៉ងបង្វែរលទ្ធផលបោះឆ្នោត។
ថ្មីៗនេះ គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្តអាមេរិក បានស្ថិតក្នុងភាពមិនរង្គោះរង្គើ ដោយចាប់ផ្តើមដំណើរការនីតិវិធី ដើម្បីព្យាយាមដកលោក បៃដិន ចេញពីតំណែងជុំវិញជំនួញរបស់គ្រួសារលោក។
ដោយសារគណបក្សសាធារណរដ្ឋមិនអាចបង្កើតភស្តុតាងច្បាស់លាស់ណាមួយបានមកទល់ពេលនេះ សេតវិមានបានចាត់ទុកចំណាត់ការនេះថាជា «ភាពស្រឡាំងកាំងផ្នែកនយោបាយ» និង »នយោបាយជ្រុលនិយមដ៏អាក្រក់បំផុត» ផងដែរ៕
