
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គិតក្នុងរយៈពេលពេញ១ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញ និងរឹបអូសនូវអាល់កុលក្លែងក្លាយ ឬមេតាណុលសរុបចំនួនប្រមាណជាង ៥៣តោន។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អគ្គនាយកដ្ឋាន ក.ប.ប បានលើកឡើងថា ខណៈដែលជំងឺកូវីដ១៩ កំពុងបន្តរាលដាលនៅកម្ពុជា និងដោយមានការណែនាំ ចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អគ្គនាយកដ្ឋានក.ប.ប បានចុះប្រតិបត្តិការបង្ក្រាបអាល់កុលក្លែងក្លាយនៅតាមផ្សារ ហ្វាម៉ាស៊ី ឱសថស្ថាន ឬតាមកន្លែងលក់ថ្នាំពេទ្យនានាយ៉ាងហោច ៨លើក ដោយមានអាល់ក្លែងក្លាយសរុបជាង ៥៣តោន ស្មើនឹងប្រមាណ ៥៣,០០០លីត្រ ក្នុងនោះរឹបអូសច្រើនជាងគេនៅរាជធានីភ្នំពេញ និងខេត្តព្រៃវែង ក្រចេះ កោះកុង ត្បូងឃ្មុំ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងខេត្តបន្ទាយមានជ័យ។
ទាក់ទិនករណីនេះ ក.ប.ប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្ពស់ជាងផលចំណេញរបស់ខ្លួន។ ក.ប.ប បានអំពាវនាវថែមទៀតទៅដល់សាធារណជនដែលជាអ្នកប្រើប្រាស់ សូមពិនិត្យនិងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ មុននឹងសម្រេចចិត្តជាវអាល់កុល ឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ។
សូមបញ្ជាក់ថា អាល់កុល ឬអេតាណុល គឺជាសារធាតុដែលគេយកមកប្រើសម្រាប់សម្លាប់មេរោគ ពិសេសក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ធ្វើឲ្យតម្រូវការប្រើប្រាស់មានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួន បានបន្លំយកសារធាតុមេតាណុល មកលក់ជូនប្រជាពលរដ្ឋដើម្បីយកទៅសម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគជាដើម។ សារធាតុគីមីមេតាណុល គឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត៕ អត្ថបទ៖ ឈិត បូរ៉ាវី
