ភ្នំពេញ៖ ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីសហជីព និងនិយោជក ដែលបានគិតគូរ និងដំឡើងប្រាក់ឈ្នួលអប្បបរមាបន្តទៀតនៅឆ្នាំ២០២៤ ថែមទាំងអះអាងថា នឹងខិតខំបំពេញការងារឲ្យកាន់តែល្អប្រសើរទៅមុខបន្តទៀត។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្មករនិយោជិតនៃរោងចក្រកាត់ដេរសំលៀកបំពាក់ ជាវៃ ស្ថិតនៅតំបន់វេងស្រេង បាននិយាយស្រដៀងគ្នាថា ការចចារដំឡើងប្រាក់ឈ្នួលឆ្នាំនេះ ពិតជាដំណឹងល្អ ព្រោះអាចដំឡើងបានថែមទៀត ទោះបីជាចំនួនមិនច្រើននិងសមបំណង ប៉ុន្តែពិតជាអស្ចារ្យ ព្រោះថាតួលេខឃើញថាកើនថែមទៀត គ្រាដែលរោងចក្រ សហគ្រាសមួយចំនួន បានបិទ និងព្យួរការងារ ដោយសារវិបត្តិសេដ្ឋកិច្ចសាកល។
កម្មករ កម្មការិនី បានសន្យាថា ដើម្បីជាការឆ្លើយតប ចំពោះការយកចិត្តទុកដាក់ក្នុងការចចារដំឡើងប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក៏ដូចជាអូសទាញការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់នឹងខិតខំប្រឹងប្រែងយ៉ាងណាបំពេញការងារឲ្យអស់លទ្ធភាព។
សូមបញ្ជាក់ថា ក្រោយពីឆ្លងកាត់ការពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចលទ្ធផលផ្លូវការចំនួន ២០២ដុល្លារ ដោយមានការបន្ថែមពីរាជរដ្ឋាភិបាលចំនួន ២ដុល្លារទៀត សរុបគឺចំនួន ២០៤ ដុល្លារ ដែលដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ៕អត្ថបទ៖ ឈិត បូរ៉ាវី