ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ លើកឡើងថា វិបត្ដិជំងឺកូវីដ-១៩ បានបន្សាំបច្ចេកវិទ្យាជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែល បច្ចេកវិទ្យាទាំងនេះបានជំរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការបង្កើតនូវនវានុវត្ដន៍ថ្មីៗ។
លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងកម្មវិធីវេទិកាស្ដីពីវិស័យធនាគារឆ្នាំ២០២៣ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣ នេះថា នៅពេលវិបត្ដិកូវីដ-១៩ បានផ្ទុះឡើង សេដ្ឋវិទូ និងអ្នកជំនាញសង្ឃឹមថា វត្ដមានវ៉ាក់សាំង កូវីដ-១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពល្អប្រសើរ និងអាចងើបឡើងវិញដូចកាលមុនឆ្នាំ ២០២០, ប៉ុន្តែក្ដីសង្ឃឹមនេះហាក់ មានភាពស្រពេចស្រពិល ដោយហេតុតែសេដ្ឋកិច្ចពិភពលោកមានសភាពស្រួចស្រាល បើទោះជាវិបត្ដិកូវីដ-១៩ ហាក់រសាត់ចេញក៏ ដោយ។
តែទោះបីយ៉ាងណា, វិបត្ដិកូវីដ-១៩ គឺជាសមាសភាពមួយ ក្នុងការបន្សាំបច្ចេកវិទ្យាជាមួយការរស់នៅ និងការធ្វើពាណិជ្ជកម្ម ស្របពេលដែលបច្ចេកវិទ្យាទាំងនេះបានជំរុញឱ្យមានភាពប្រសើរឡើង នៃខ្សែចង្វាក់តម្លៃ ការលើកកម្ពស់ការប្រកួតប្រជែង និងការ បង្កើតនវានុវត្ដន៍ថ្មីៗបន្ថែម ដែលជាឈ្នាន់ដើម្បីធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅ តាមរយៈការបង្កើនឱកាសការងារ ការបង្កើនលទ្ធភាព ទទួលបានការអប់រំនិងស្វ័យសិក្សា និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងការបង្កើនភាពអង់អាចរបស់ស្ត្រីផងដែរ។
លោក ហេង បូមករា បន្តថា ក្នុងបរិបទនេះ ការកាត់បន្ថយផលប៉ះពាល់ពីឥទ្ធិពលសេដ្ឋកិច្ចពិភពលោក និងការកែប្រែឧបសគ្គ ទៅជាកាលានុវត្ដភាព នឹងនាំមកនូវការធានាបាននៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភា និងភាពរឹងមាំ ក៏ដូចជាឆ្លើយតបទៅ នឹងការ ផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត។
ទោះបីកំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ក្នុងឆ្នាំ២០២០ ប៉ុន្តែកំណើននេះបានចាប់ផ្ដើមវិជ្ជមានមកវិញ ជាមួយអត្រា ៣% ក្នុងឆ្នាំ ២០២១ ៥.២% ក្នុងឆ្នាំ ២០២២ និងរំពឹង ថាមានកំណើនប្រមាណ ៥.៦% ក្នុងឆ្នាំ២០២៣។
ការណ៍នេះបានសរបញ្ជាក់អំពីវឌ្ឍនភាពល្អ ដែលគាំទ្រជាចម្បង ដោយកំណើន ខ្ពស់នៃវិស័យទេសចរណ៍ និងវឌ្ឍនភាពល្អនៃវិស័យកសិកម្ម ស្របពេលដែលវិស័យសំណង់ ហាក់បានបង្ហាញនូវសញ្ញាងើបឡើងវិញ៕អត្ថបទ៖ សុន រ៉ាឌី