ជើងខ្លាំងស្នូកឃ័រទាំងពីរនាក់ John Higgins និង Mark Allen បានក្លាយជាកីឡាករល្បីឈ្មោះពីរនាក់ទៀត ធ្លាក់ចេញពីការប្រកួតពានរង្វាន់ British Open ឆ្នាំនេះនៅទីក្រុង Cheltenham។

ជើងឯក ៤ សម័យ John Higgins បានរងបរាជ័យក្រោមស្នាដៃ Robbie Williams ៤-១ ហ្វ្រេម ខណៈកីឡាករលំដាប់លេខ ៣ Mark Allen ចាញ់ Kyren Wilson ៤-០ ហ្វ្រេម។
បរាជ័យនេះមាន័យថា កីឡាករទាំងពីរក្លាយជាកីឡាករល្បីឈ្មោះពីរនាក់ទៀតចាកចេញពី British Open ត្រឹមជុំទី ១ និងទី ២ បន្ទាប់ពី Judd Trump, Neil Robertson និង Luca Brecel។
ក៏មានការធ្លាក់ដ៏ភ្ញាក់ផ្អើលផ្សេងទៀតដែរគឺ កីឡាករឥណ្ឌា Ishpreet Singh Chadha ដែលឈរលេខ ១០៤ ពិភពលោក បានយកឈ្នះកីឡាករអង់គ្លេសអតីតជើងឯកពិភពលោក ២ សម័យ Stuart Bingham ៤-២ ហ្វ្រេម។
ក្រឡេកមកលទ្ធផលផ្សេងទៀត ជើងឯកពិភពលោក ៤ សម័យ Mark Selby យកឈ្នះកីឡាករចិនលំដាប់លេខ ៥២ Tian Pengfei ៤-២ ហ្វ្រេម Mark Williams វាយបកពីក្រោយយកឈ្នះ Gary Wilson ៤-២ ហ្វ្រេម និងកីឡាករអ៊ីរ៉ង់ Hossein Vafaei យកឈ្នះកីឡាករចិន Yuan Sijun ៤-២ ហ្វ្រេម៕ អត្ថបទ៖នាង សុភាវុធ