កំពង់ធំ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមមន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានរ៉ែ និងថាមពល នៃក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យ និងសិក្សាពីដំណើរការ នៅទីតាំងក្រុមហ៊ុនស្រាវជ្រាវ គឺក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក (LATE CHENG MINING DEVELOPMENT CO.,LTD.) ពាក់ព័ន្ធករណីលេចលឺមានជំលោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន។
ការចុះពិនិត្យដឹកនាំដោយ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ស្រុក ភាគីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។
ក្នុងដំណើរការនេះ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រុមការងារបានបែងចែកជាពីរក្រុម គឺ ក្រុមទី១.ចុះសិក្សាទាក់ទងនឹងបច្ចេកទេសរបស់ក្រុមហ៊ុន និង ក្រុមទី២.ចុះសិក្សាស្រាវជ្រាវទាក់ទង នឹងការដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋ។
តំណាងក្រុមហ៊ុនអាជីកម្មរ៉ែមាសលោក សម្បត្តិ ដែលជាប្រធានផ្នែកសម្របសម្រួលផល ប៉ះពាល់រវាងក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន បញ្ជាក់ថា ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណអាជីវកម្មស្របច្បាប់ពីរាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ គឺក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើផ្ទៃដីដែលរាជរដ្ឋាភិបាលផ្តល់អាជ្ញាបណ្ណ ឲ្យធ្វើអាជីវកម្ម និងបានគិតគូរពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងសុខភាពសាធរណៈ និងសុវត្ថិភាពជុំវិញមូលដ្ឋានផងដែរ។
ករណីដែលមានការចុះផ្សព្វផ្សាយពីស្ថាប័នសារព័ត៌មានមួយចំនួនកាលពីពេល កន្លងទៅថ្មីៗនេះថា មានករណីវិវាទដីធ្លីរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ គឺករណីមិនពិតនោះទេ៕





