ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋជាសមាជិករបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានយល់ព្រមបន្តយន្តការការពារបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនពីអ៊ុយក្រែនសម្រាប់រយៈពេល មួយឆ្នាំ ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៤ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៥។

សេវាកម្មសារព័ត៌មាន បានឲ្យដឹងថា៖«ដើម្បីផ្តល់ភាពប្រាកដប្រជាសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនជាង ៤ លាននាក់ ដែលកំពុងរស់នៅក្នុងសហភាពអឺរ៉ុប ក្រុមប្រឹក្សានេះ បានយល់ព្រមបន្តការការពារបណ្តោះអាសន្នសម្រាប់មនុស្ស ដែលភៀសខ្លួនពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។
លោក Fernando Grande-Marlaska Gómez រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃអេស្ប៉ាញដែលបច្ចុប្បន្នកាន់តំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយថា៖«សហភាពអឺរ៉ុប នឹងគាំទ្រប្រជាជនអ៊ុយក្រែនឲ្យបានយូរតាមដែលប្រទេសនេះត្រូវការ។ ការអូសបន្លាយស្ថានភាពការពារ ផ្តល់នូវភាពប្រាកដប្រជាដល់ជនភៀសខ្លួនជាង៤លាននាក់ដែលបានរកឃើញជម្រកសុវត្ថិភាពនៅក្នុងសហភាពអឺរ៉ុប»។
បន្ទាប់ពីកិច្ចព្រមព្រៀងនយោបាយថ្ងៃនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុប នឹងត្រូវសម្រេចជាផ្លូវការលើការបន្តការការពារបណ្តោះអាសន្ន។ កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្ត នៅពេលដែលនីតិវិធីតាមច្បាប់ និងការបកប្រែទៅជាភាសាសហភាពអឺរ៉ុបទាំងអស់ ត្រូវបានបញ្ចប់។
យន្តការការពារបណ្តោះអាសន្ន ត្រូវបានធ្វើឲ្យដំណើរការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២២ ហើយត្រូវបានបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេលមួយឆ្នាំ។

