
ភ្នំពេញ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមជាមួយឯកឧត្តម Prak Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់-ទទួល អំណោយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ គិតជាទឹកប្រាក់សរុបប្រមាណ ៣០០.០០០ដុល្លារអាមេរិក (សាមសិបម៉ឺនដុល្លារអាមេរិក)នៅទីសី្តការក្រសួង នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។
ឯកឧត្តម រដ្ឋមន្រី្ត ម៉ម ប៊ុនហេង បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ចំណងមិត្តភាពជាប្រពៃណី កម្ពុជា-កូរ៉េ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយភាគីកូរ៉េ បានផ្តល់ជំនួយឥតសំណងជាច្រើន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងវិស័យសុខាភិបាលកម្ពុជា។ ជាក់ស្តែងចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ភាគីមិត្តកូរ៉េ បានផ្តល់ជំនួយជាឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រមួយចំនួន និងថវិកា។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Prak Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ជាពិសេសលើវិស័យសុខាភិបាល។
ជាមួយគ្នានោះដែរ ឯកឧត្តម Prak Heung-Kyeong បានជម្រាបជូនឯកឧត្តម រដ្ឋមន្រី្តថា ស្ថានទូតកូរ៉េ មានកី្តរីករាយជាខ្លាំងដោយសាររដ្ឋាភិបាលកូរ៉េ បានផ្តល់ធ្វើការឧបត្ថម្ភសម្ភារៈវេជ្ជសាស្ត្រដែលមានតម្លៃ៣០ម៉ឺនដុល្លារលើកនេះ ក្នុងគោលបំណងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
ជាពិសេសក្នុងដំណាក់កាលនេះ ប្រជាជនកូរ៉េ ដែលបានស្នាក់នៅក្នុងប្រទេសកម្ពុជា មានចំនួនជិត១០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងបុគ្គលិកនៃស្ថានទូតកូរ៉េ រហូតដល់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២។ ដូច្នេះស្ថានទូតកូរ៉េ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលផងដែរ៕ អត្ថបទ រដ្ឋា







