ភ្នំពេញ៖ ក្រោយមានការសំណូមពរ ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវនិងឆ្លងកាត់ទីតាំងការដ្ឋានកំពុងសាងសង់មួយកន្លែងបង្កឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងទុកដាក់សម្ភារៈរំលោភលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង ។ ដូច្នេះនៅវេលាម៉ោង១រសៀល ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២៣ នេះកម្លាំងអាជ្ញាធរខណ្ឌទួលគោកដែលដឹកនាំដោយ លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌចុះអប់រំណែនាំដល់ម្ចាស់ទីតាំងការដ្ឋាន ឲ្យចូលរួមសហការជាមួយអាជ្ញាធរ។
សូមជម្រាបជូនថាទីតាំងការដ្ឋានកំពុងសាងសង់នេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥២៨ ជាប់នឹងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងការចុះណែនាំដល់ម្ចាស់ទីតាំង លោក ស៉ឹម សុផង់ អភិបាលរង ទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៃអភិបាលខណ្ឌទួលគោក បានឲ្យBTV ដឹងថា លោកណែនាំដល់ម្ចាស់ការដ្ឋានឲ្យរៀបចំឲ្យបានត្រឹមត្រូវនិងមិនឲ្យបង្ហូរទឹកមកតាមបណ្ដោយផ្លូវសាធារណៈនិងទុកដាក់ខ្សាច់ថ្ម ឲ្យត្រឹមត្រូវជៀសវាងការហូរខ្សាច់ចូលប្រព័ន្ធលូបង្កការកកស្ទះ។
គួរបញ្ជាក់ផងដែរ កន្លងមក ពលរដ្ឋអ្នកធ្វើដំណើរបានឲ្យដឹងថាទីតាំងការដ្ឋានសំណង់កំពុងសាងសង់នេះគឺបានទុកដាក់សម្ភារៈរំលោភលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង។និងថែមទាំងបង្ហូរទឹកតាមដងផ្លូវសាធារណៈធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈផងដែរ។ ដោយមិនបានរៀបចំតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះឡើយ។
ពលរដ្ឋបានបន្តឲ្យដឹងថាទីតាំងការដ្ឋាននេះបានទុកដាក់សម្ភារៈរំលោភទៅចិញ្ចឹមផ្លូវសម្រាប់អ្នកថ្មីជើងធ្វើឲ្យអ្នកធ្វើដំណើរដោយថ្មីជើងពុំមានផ្លូវសម្រាប់ធ្វើដំណើរ គឺត្រូវធ្វើដំណើរតាមផ្លូវជាសិទ្ធភាពរបស់យានជំនេះ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុបាន៕
អត្ថបទ ៖ កុម្ភៈ








