
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសថារកឃើញមនុស្សចំនួន ៣៩នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ និងខ្លះជាពលករវិលត្រឡប់មកពីប្រទេសថៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលបន្ទាយមានជ័យ បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង៣៩នាក់នេះ ក្នុងនោះ មានពលករមកពីប្រទេសថៃចំនួន២៩នាក់។
រដ្ឋបាលបន្ទាយមានជ័យ បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ ទាំង៣៩រូបនេះ ស្នាក់នៅក្នុងក្រុងស្រុកចំនួនប្រាំរួមមានស្រុកព្រះនេត្រព្រះចំនួន ១៧នាក់ ក្រុងប៉ោយប៉ែតចំនួន ១៤នាក់ ស្រុកមង្គលបូរីចំនួន៤នាក់ ស្រុកសិរីសោភ័ណចំនួន ០៣នាក់ និងស្រុកស្វាយចេកចំនួន ០១នាក់។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ៣០ ៧១០នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕