ប៉ាគីស្ថាន ៖ នគរបាល និងមន្ត្រីសុខាភិបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ បានស្លាប់ និងជាង ៥០នាក់ទៀត រងរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក នៅឯកន្លែងជួបជុំសាសនាមួយ ក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ (ទី២៩ ខែកញ្ញា)។
ការបំផ្ទុះនេះ បានកើតឡើងនៅជិតវិហារឥស្លាមមួយ ខណៈដែលមនុស្សបានប្រមូលផ្តុំគ្នា ដើម្បីប្រាព្ធថ្ងៃកំណើតរបស់ព្យាការី Muhammad។ នគរបាលសង្ស័យថា នេះជាការវាយប្រហារអត្តឃាត ដែលមានគោលដៅលើកន្លែងជួបជុំសាសនា ក្នុងក្រុង Mastung។ នៅពេលនេះ មន្ត្រីបានប្រកាសដាក់ប្រទេសដាក់ប្រទេសក្នុងគ្រាអាសន្ន។
នគរបាលបាននិយាយថា អ្នករងរបួសកំពុងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន២។ មន្ត្រីនគរបាលក្រុង Mastung ២នាក់ បានបញ្ជាក់ពីចំនួនអ្នកស្លាប់មកកាន់សារព័ត៌មាន BBC។ រដ្ឋមន្ត្រីមហាផ្ទៃ លោក Sarfraz Bugti បានហៅការបំផ្ទុះនេះថា ជាទង្វើដ៏សាហាវព្រៃផ្សៃបំផុត។
វីដេអូជាច្រើន នៅលើបណ្ដាញសង្គម បង្ហាញឲ្យឃើញពីអ្នករងរបួស ត្រូវបានជួយសង្គ្រោះ ដោយក្រុមអ្នកសង្គ្រោះបន្ទាន់ និងប្រជាជននៅមូលដ្ឋាន។ នៅមិនទាន់មានគ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ៕

