ឥណ្ឌា ៖ ការតវ៉ាដ៏ហិង្សា បានផ្ទុះឡើង នៅរដ្ឋ Manipur ដែលរងការប៉ះទង្គិចគ្នាដោយជនជាតិភាគតិចរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការចោទប្រកាន់ពីការសម្លាប់សិស្ស២នាក់ ដែលបានបាត់ខ្លួនកាលពីខែកក្កដា បន្ទាប់ពីរូបថតនៃសាកសពរបស់ពួកគេ បានបង្ហាញនៅលើបណ្តាញអ៊ីនធឺណិត កាលពីសប្តាហ៍មុន។ អំពើហិង្សាជនជាតិភាគតិចបានធ្លាក់ចូលទៅក្នុងរដ្ឋភាគឦសាន មានព្រំដែនជាប់សហភាពមីយ៉ាន់ម៉ា ជាអ្វីដែលអ្នកជំនាញសន្តិសុខជាច្រើន ចាត់ទុកថាជាសង្គ្រាមស៊ីវិលដ៏ខ្លាំង ដែលបានវាយប្រយុទ្ធទាមទាទឹកដី ការងារ និងការប៉ះទង្គិចផ្នែកនយោបាយ រវាងក្រុមក្នុងតំបន់ដែលធំបំផុតទាំងពីរ។
អាជ្ញាធរបានប្រកាស បម្រាមគោចរគ្មានកំណត់នៅក្នុងទីក្រុង Imphal និងតំបន់មួយចំនួនទៀតនៅរដ្ឋ Manipur បន្ទាប់ពីសិស្សជាង៨០នាក់ បានរងរបួសកាលពីថ្ងៃពុធ ក្នុងការប៉ះទង្គិចគ្នា បន្ទាប់ពីការតវ៉ាប្រឆាំងការចាប់ជំរិត និងឃាតកម្មលើសិស្ស២នាក់។ សេវាអ៊ីនធឺណិតចល័ត ត្រូវបានផ្អាក នៅក្នុងរដ្ឋនេះរយៈពេល៥ថ្ងៃ។
ចាប់តាំងពីអំពើហិង្សា បានផ្ទុះឡើងលើកដំបូង កាលពីថ្ងៃទី៣ ខែឧសភា មនុស្សជាង១៨០នាក់ បានស្លាប់ និងជាង៥០.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងរដ្ឋ Manipur។
មេដឹកនាំគណបក្ស Congress ជាបក្សប្រឆាំង បានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Modi ពីការមិនបានគ្រប់គ្រងអំពើហិង្សានៅក្នុងរដ្ឋនេះ ដែលគ្រប់គ្រងដោយគណបក្សជាតិនិយម។ រដ្ឋាភិបាលលោក Modi និយាយថា កិច្ចប្រឹងប្រែងស្តារសន្តិភាពឡើងវិញ តាមរយៈកិច្ចសន្ទនា កំពុងបន្តធ្វើឡើង។

