កូរ៉េខាងជើង ៖ មន្ទីរបញ្ចកោណ បានឲ្យដឹងថា ពលទាហាន Travis King របស់សហរដ្ឋអាមេរិក នឹងទទួលការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ រួមទាំងសុខភាពផ្លូវចិត្តផងដែរ បន្ទាប់ពីរូបគេបានមកដល់មន្ទីរពេទ្យយោធាអាមេរិក ក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) ក្រោយត្រូវបានបណ្តេញចេញពីកូរ៉េខាងជើង។
លោក King វ័យ ២៣ឆ្នាំ ត្រូវបានឃុំខ្លួន នៅកូរ៉េខាងជើងអស់រយៈពេលជាង ២ខែ បន្ទាប់ពីរូបគេបង្កឲ្យមានការភ្ញាក់ផ្អើល ដោយការរត់កាត់ព្រំដែនបែងចែកឧបទ្វីបកូរ៉េ ដែលមានយោធារយាមកាមយ៉ាងតឹងរ៉ឹង។ ព័ត៌មានលម្អិតនៅតែមិនទាន់មានគ្រប់គ្រាន់ពីការព្យាបាលរបស់លោក King នៅកូរ៉េខាងជើង និងអ្វី ដែលជំរុញឲ្យរូបគេរត់គេចនៅទីនោះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានថា៖ «ពលបាលរូបនេះ នឹងឆ្លងកាត់ការពិនិត្យសុខភាព និងការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ ហើយបន្ទាប់មករូបគេនឹងជួបជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃសុខភាពផ្លូវអារម្មណ៍ និងចិត្តរបស់គេ»៕

