
តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល និងសម្ភព សោ សុខុម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ-១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលតាកែវ បានបញ្ជាក់ថា មន្ទីរពេទ្យខាងលើនេះត្រូវបានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ព្រោះជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង “ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ។
រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងទៀតថា គោលបំណងនៃផ្អាកនេះ គឺដើម្បីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវឱ្យម្ចាស់មន្ទីរសម្រាកព្យាបាល បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់សំណាកដល់មន្រ្ដីសុខាភិបាល ដើម្បីវិភាគរកមេរោគកូវីដ-១៩។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ៣០ ៧១០នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕