ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិច្ចការវិស័យពិ ការភាពបានក្រើនរំលឹកឱ្យយកចិត្តទុកដាក់ដល់ជនមានពិការភាព ជាពិសេសជនមានពិការភាពដែលច្រៀងតាមកែងភ្លើងស្តុបឬផ្លូវ និងជំរុញឱ្យអនុវត្តនូវគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ព្រមទាំងឱ្យធ្វើបច្ចុប្បន្នភាពនៃចំនួនមន្ត្រីរាជការ ឬ បុគ្គលិកដែលកំពុងបម្រើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាមួយឥស្សរជនដែលទទួលខុសត្រូវក្នុងច ង្កោមវិស័យពិការភាព និងនាយកដ្ឋានជំនាញក្រោមឱវាទ នៅព្រឹកថ្ងៃទី២៩ កញ្ញា ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច និងដើម្បីផ្សព្វផ្សាយអំពីការបែកចែងតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំដែលទទួលបន្ទុកក្នុងវិស័យពិការភាពសំដៅពង្រឹងដល់កិច្ចគាំពារជនមានពិការភាពនៅកម្ពុជា។
ឯកឧត្តមក៏បានជម្រុញឱ្យយកចិត្តទុកដាក់ ចំពោះការបើកផ្តល់ប្រាក់របបជួយដល់ជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព និងគិតគូរពីផលប្រយោជន៍ជនមានពិការភាព។ ជាមួយគ្នានេះ ចំពោះការបង់វិភាគទាន ឬប្រាក់ពិន័យពីការអនុវត្តការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន ត្រូវគោរពរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។
ដោយឡែកពាក់ព័ន្ធបញ្ហារទេះជនពិការ និងគ្រឿងឧបករណ៍សម្រាប់ជួយជនមានពិការភាព ឯកឧត្តមបានលើកឡើងថា ពុំទាន់មានគ្រប់គ្រាន់នៅទ្បើយ ដូច្នេះត្រូវគិតគូរពិនិត្យលើបញ្ហាទាំងអស់នេះដើម្បីបំពេញតម្រូវការដល់ជនមានពិការភាព។
រាជរដ្ឋាភិបាលបានកំណត់វិស័យពិការភាពជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងលិខិតូបករណ៍អន្តរជាតិផ្សេងៗ ដោយបានកសាង និងដាក់ឱ្យអនុវត្តច្បាប់គោល នយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាតិ ដើម្បីពង្រឹងការផ្តល់សេវាផ្សេងៗជូនដល់ជនមានពិការភាព៕ អត្ថបទ.ភារម្យ







