ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងក សិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ និងមន្ត្រីបច្ចេកទេស អញ្ជើញទៅត្រួតពិនិត្យតាមដានស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃគោ ខេត្តព្រៃវែង។
អំឡុងចុះពិនិត្យនេះអន្តរក្រសួងបានទៅពិនិត្យស្ថានីយ៍ជំហានទី១ ដែលមានតួនាទីនាំប្រភពទឹកពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រពលើផ្ទៃដីកសិកម្មក្នុងខេត្តព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។ គណ:ប្រតិភូ នៃក្រសួងទាំង៣ ក៏បានអញ្ជើញទៅពិនិត្យប្រព័ន្ធស្រោចស្រពជំហានទី២ មានទីតាំងនៅខេត្តព្រៃវែង ដែលមានលទ្ធភាពអាចស្រោចស្រពបាន ៩៣ ១០០ ហិកតា នៅរដូវវស្សា និង ២៣ ៣០០ ហិកតា នៅរដូវប្រាំង។
អំឡុងពេលចុះពិនិត្យនេះតំណាងសហគមន៍ប្រើប្រាស់ទឹក បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន ២ កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សំណូមពរនេះ ត្រូវបានឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងអាជ្ញាធរស្រុកចុះទៅពិនិត្យ និងសិក្សាទីតាំង ព្រមទាំងលើកគម្រោងសាងសង់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ជាក់ស្ដែង៕
ដោយ៖ គង់ ឌិន







