ភ្នំពេញ÷ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានជួបសវនាការ និងប្រគល់បណ្ណថ្លែងអំណរគុណជូន លោក សៀន លីណាត នាយកប្រតិបត្តិក្រុមហ៊ុន ផាតមេហ្ស៊ីងអ៊ីន (PATHMAZING INC.) ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ផាតមេហ្ស៊ីងអ៊ីន (PATHMAZING INC.) ដែលបានជួយរចនា និងផលិតបណ្ណសម្គាល់ខ្លួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ១៧- ២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
ជាកិច្ចឆ្លើយតប លោក សៀន លីណាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតដល់ក្រុមហ៊ុន បានចូលរួមចំណែកការងារជាមួយ កាកបាទក្រហមកម្ពុជា៕
អត្ថបទៈ សំ ងីម











