
កំពត៖ រដ្ឋបាលខេត្តកំពត ប្រកាសពីការរកឃើញប្រជាពលរដ្ឋ ៥៧នាក់ទៀតឆ្លងមេរោគកូវីដ-១៩នៅថ្ងៃនេះ ដែលភាគច្រើនជាបុគ្គលិកកាស៊ីណូ និងពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាចដែលបានពាក់ព័ន្ធនឹងកាស៊ីណូនៅច្រកតន់ហន់។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពតបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើបុគ្គលិកកាស៊ីណូចំនួន ១៧នាក់ ដែលបម្រើការងារនៅកាស៊ីណូ សុខ គឹមម៉េង ស្ថិតនៅច្រកទ្វារភាគីតន់ហន់ នៅក្នុងស្រុកកំពង់ត្រាច។
រដ្ឋបាលខេត្តនេះបានឱ្យដឹងទៀតថា ករណីឆ្លងថ្មីនេះ ក៏ត្រូវបានរកឃើញលើកសិករចំនួន ៣៤នាក់ផងដែរ ដែលជាពលរដ្ឋរស់នៅស្រុកនានារបស់ខេត្តមួយនេះ។
ក្រៅពីនេះ ករណីឆ្លងថ្មីនេះ ក៏បានកើតឡើងផងដែរលើកុមារាម្នាក់អាយុ ៧ឆ្នាំ និងកុមារីម្នាក់អាយុ ៥ឆ្នាំ។
រដ្ឋបាលខេត្តកំពតបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ទាំង ៥៧នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩ស្ថិតក្នុងបរិវេណវិទ្យាល័យព្រះបិតាជាតិ និងមណ្ឌលព្យាបាល សុខ គីមម៉េង៕