
អ្នកទេសចរក្នុងស្រុក បាននាំគ្នាសម្រុកទៅកម្សាន្តបឹងដ៏ស្រស់ស្អាត West Lake របស់ទីក្រុង Hangzhou នៅថ្ងៃសុក្រ (ទី២៩ ខែកញ្ញា) នេះ ពោលគឺនៅថ្ងៃដំបូងនៃសប្តាហ៍ពិសេសរបស់ប្រទេសចិន។ ថ្ងៃឈប់សម្រាករយៈពេល ៨ថ្ងៃនេះ នឹងឃើញមនុស្សចំនួន ៦៣,២លាននាក់ធ្វើដំណើរទូទាំងប្រទេស តាមរយៈផ្លូវដែក ផ្លូវហាយវេ និងអាកាសចរណ៍។ នេះបើយោងតាមក្រសួងដឹកជញ្ជូនរបស់ចិន។
ទោះបីជាមានការបើកព្រំដែនឡើងវិញក៏ដោយ ក៏ជនជាតិចិនមួយចំនួនកំពុងជ្រើសរើសធ្វើដំណើរក្នុងប្រទេស ជាជាងទៅក្រៅប្រទេស ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព ពេលធ្វើដំណើរ។ អ្នកទេសចរម្នាក់ឈ្មោះ Guo Yaohui វ័យ ២០ឆ្នាំមកពីទីក្រុងស៊ាងហៃ បានជ្រើសរើសមិនទៅក្រៅប្រទេសដោយសម្រេចទៅលេងទីក្រុង Hangzhou ជំនួសវិញ។
ឧទ្យានទីក្រុងប៉េកាំង រួមទាំងវិមានរដូវក្តៅ និងសួនសត្វក្រុងប៉េកាំង បានរាយការណ៍ថា មានភ្ញៀវទេសចរសរុបចំនួន ២០៨.២០០ នៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាកនេះ ដោយកើនឡើង ៤៨,៦ភាគរយ បើធៀបនឹងឆ្នាំ២០២២ និងកើនឡើង ៥៧,២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមក្រុមអ្នកគ្រប់គ្រងឧទ្យានទីក្រុងប៉េកាំង។
ហើយបើយោងតាមការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុងស៊ាងហៃ បានឲ្យដឹងថា ទីក្រុងស៊ាងហៃ ដែលជាគោលដៅក្នុងស្រុកដ៏ពេញនិយមមួយផ្សេងទៀតនោះ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៣,៤៦៣១លាននាក់ នៅថ្ងៃសុក្រនេះ៕