
ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល ជាមួយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារ។ ដោយនៅក្នុងជំនួបនេះ បានពិភាក្សាអំពីវឌ្ឍនភាពការងារ របស់មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា និងការងារសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ព្រមទាំងការផ្តល់វិភាគទានប្រចាំឆ្នាំនូវថវិកាចំនួន១លាន(១ ០០០ ០០០) ដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។
តាមការផ្តល់ព័ត៌មានពីឯកឧត្តម តាំង សាមឿន លេខាធិការ សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអោយដឹងថា ក្នុងជំនួបនេះលោកជំទាវ ពុំ ចន្ទីនី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ជាមួយគ្នានោះលោកជំទាវអគ្គលេខាធិការ ក៏បានពាំនាំនូវក្តីនឹករលឹក និងការសួរសុខទុក្ខពីសំណាក់ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ដល់កុមារទាំងអស់ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសក្នុងថ្ងៃនៃទិវាកុមារអន្តរជាតិ១ មិថុនានេះ សូមឱ្យបានឆាប់ជាសះស្បើយពីជំងឺទាំងឡាយ។
ក្នុងឱកាសនេះដែរ លោកជំទាវ ពុំ ចន្ទីនី បានជម្រាបជូនអំពីសកម្មភាពកៀរគរ និងទទួលថវិកាសប្បុរស និង ការអនុវត្តសកម្មភាពសប្បុរសធម៌ របស់កាកបាទក្រហមកម្ពុជានាពេលកន្លងមក ដូចជាការចុះជួយដល់បណ្តាប្រជាជនរងគ្រោះ និងមានការលំបាកផ្នែកជីវភាព ជាពិសេសក្នុងខណៈពេលដែលជំងឺកូវី៨-១៩ បាននិងកំពុងរាតត្បាត ក៏ដូចជាសកម្មភាពសំខាន់ផ្សេងៗទៀត។ បន្ថែមលើសកម្មភាពមនុស្សធម៌សំខាន់ៗជាច្រើននោះ កាកបាទក្រហមកម្ពុជាបាននិងកំពុង អនុវត្តការបន្តជួយឧបត្ថម្ភថវិកាប្រចាំឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ លោកជំទាវបានអោយដឹងទៀតថា នេះជាលើកទី១០ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្ដល់វិភាគទានប្រចាំឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមួយឆ្នាំៗនូវថវិកាចំនួន១លាន(១.០០០ ០០០)ដុល្លារអាមេរិក។ ចាប់តាំងពីឆ្នាំ២០១២មក ក្នុងគោលដៅជួយសង្គ្រោះកុមារនៅកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។
ឯកឧត្តម រស់ សីលវ៉ា ក៏បានជម្រាបជូនលោកជំទាវ ពុំ ចន្ទីនី អំពីវឌ្ឍនភាពការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ទាំងក្នុងទិដ្ឋភាពប្រតិបត្តិការ និងទិដ្ឋភាពហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងការកៀរគរមូលនិធិ ដែលបាននិងកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូដ-១៩ ដែលធ្វើឱ្យមានការថយចុះ នៃទំហំថវិកាបរិច្ចាគពីសំណាក់សប្បុរសជននានា ដូចជាការថយចុះនៃថវិកា ដែលទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីដ្ឋានអង្គរដើម ដោយសារការធ្លាក់ចុះនៃចំនួនទេសចរអន្តរជាតិ។
លោកជំទាវ ពុំ ចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះឯកឧត្តម រស់ សីលវ៉ា និងលេខាធិការដ្ឋាន
មូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងកៀរគរមូលនិធិដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះកុមារនៅកម្ពុជា។ និងជូនពរលោកគ្រូ-អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ ដែលបាននិងកំពុងបំពេញបេសកកម្មពិនិត្យ និងព្យាបាលកុមារនៅកម្ពុជាយ៉ាងសស្រាក់សស្រាំ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងជៀសផុតពីជំងឺចង្រៃទាំងឡាយ៕



